ប្រកាសរបាយការណ៍សកលលោករបស់ UNESCO ឆ្នាំ២០១៨ស្ដីពីការរៀបចំរចនាសម្ព័ន្ធគោលនយោបាយវប្បធម៌ឡើងវិញ
(VOVWORLD) - នាថ្ងៃទី២៣ ឧសភា នៅទីក្រុងហាណូយ អង្គការវិទ្យាសាស្ត្រ អប់រំនិងវប្បធម៌អ.ស.ប (UNESCO) និងក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានសហការរៀបចំពិធីប្រកាសរបាយការណ៍ សកលលោករបស់ UNESCO ឆ្នាំ២០១៨ ដោយប្រធានបទ “រៀបចំរចនាសម្ព័ន្ធគោលនយោបាយវប្បធម៌ឡើងវិញ៖ ជំរុញភាពច្នៃប្រឌិតដើម្បីវឌ្ឍនភាព”។
ប្រធានការិយាល័យតំណាង UNESCO ប្រចាំទីក្រុងហាណូយលោក Michael Croft ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN) |
អនុសញ្ញាស្ដីពីកិច្ចការពារនិងពង្រីកនូវភាពសម្បូរបែបខាងវប្បធម៌ ដែលត្រូវបាន UNESCO អនុម័តកាលពីឆ្នាំ២០០៥នោះ គឺកិច្ចខិតខំប្រឹងប្រែងមួយសំដៅជំរុញភាពសម្បូរបែបខាងវប្បធម៌ដែលបានចែងក្នុងធម្មនុញ្ញ UNESCO។ វៀតណាមបានអនុម័តលើអនុសញ្ញានេះនាឆ្នាំ២០០៧។
របាយការណ៍សកលលោក UNESCO ជាឧបករណ៍ដើម្បីឃ្លាំមើលការអនុវត្តអនុសញ្ញានេះ កត់សម្គាល់នូវលទ្ធផលដែលទទួលបាន ចែករំលែកបទពិសោធន៍រវាងប្រទេសជាសមាជិកនានាក៏ដូចជាវិភាគអំពីការលំបាកសាកល្បងនាពេលខាងមុខ។
ដោយការទទួលខុសត្រូវរបស់ប្រទេសជាសមាជិកមួយ វៀតណាមបានសម្រេចទាន់ពេលវេលានូវរបាយការណ៍ជាតិរយៈពេល៤ឆ្នាំ (២០១២-២០១៥) ស្ដីពីការអនុវត្តអនុសញ្ញារបស់ UNESCO។
ថ្លែងមតិនៅពិធីប្រកាសរបាយការណ៍ ប្រធានការិយាល័យតំណាង UNESCO ប្រចាំទីក្រុងហាណូយលោក Michael Croft បានសង្កត់ធ្ងន់ថា៖
“របាយការណ៍នេះដូចជាផែនទីរតនសម្បត្តិមួយដោយមានការណែនាំក្នុងវិស័យវប្បធម៌ សំដៅ ជួយយើងអាចពង្រីកបាននូវសក្ដានុភាពនៃផ្នែកឧស្សាហកម្មវប្បធម៌ តាមនោះអភិវឌ្ឍន៍ផ្នែកនេះដោយចីរភាព។ នាអនាគត យើងខ្ញុំមានគោលបំណងចង់ប្រកាសរបាយការណ៍របស់វៀតណាមនៅលើទូទាំងពិភពលោក។ នេះជាប្រការសំខាន់ណាស់ព្រោះថា ទីមួយគឺប្រការនេះអាចជួយអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ដែលពោរពេញទៅដោយសក្ដានុភាពនៅវៀតណាម។ ទីពីរគឺ បទពិសោធន៍និងរូបសណ្ឋានល្អរបស់វៀតណាមអាចបានចែករំលែកជាមួយពិភពលោក”។
លោក Michael Croft ចាត់ទុកថា វៀតណាមទទួលបានជោគជ័យដ៏សែនសំខាន់ ក្នុងនោះមានការអនុម័តលើ យុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មវប្បធម៌វៀតណាមដល់ឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០៣០ នាខែកញ្ញាឆ្នាំ២០១៦៕