បារាំង-ចិនសន្យាជំរុញការ​មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

(VOVWORLD) - ប្រទេសចិន និងបារាំងបានអះអាងជាថ្មីនូវការប្តេជ្ញាជំរុញការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ការរំសាយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាព។ ប្រការនេះត្រូវបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍រួមបារាំង-ចិនដែលបានចេញផ្សាយកាលពីថ្ងៃទី ៧ ខែមេសា។
បារាំង-ចិនសន្យាជំរុញការ​មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ - ảnh 1ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានរដ្ឋចិន លោក Xi Jinping ។ រូបថត៖ AFP

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ប្រទេសទាំងពីរគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសន្តិភាពនៅអ៊ុយក្រែនឡើងវិញ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានប្រឆាំងជំទាស់រាល់ការវាយប្រហារសំដៅទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ ចិន និងបារាំងបានសង្កត់ធ្ងន់លើការគាំទ្រ ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីផ្អែកលើច្បាប់ ដោយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើរតួនាទីស្នូល។  ប្រទេសទាំងពីរបានអះអាងពីការត្រៀមខ្លួនជាស្រេចសហការដើម្បីដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុនៃសេដ្ឋកិច្ចផ្សេងទៀត។

សេចក្តីថ្លែងការណ៍ត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ទៅកាន់ប្រទេសចិន។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ បារាំង និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនក្នុងវិស័យថាមពល ជាពិសេសថាមពលខ្យល់ និងនុយក្លេអ៊ែរ។

បញ្ចប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅចិន ជាមួយនឹងរបៀបវារៈជុំវិញតួនាទីរបស់ទីក្រុងប៉េកាំងក្នុងការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន ប្រធានាធិបតីបារាំងនៅថ្ងៃទី៧ខែមេសា បានទៅទស្សនាទីក្រុង Guangzhou (ក្វាងចូវ) នៅភាគខាងត្បូងប្រទេសចិន ដោយមានជំនួបក្រៅផ្លូវការជាមួយប្រធានរដ្ឋចិនលោ Xi Jinping និងជួបប្រាស្រ័យជាមួយនិស្សិតនៅសាកលវិទ្យាល័យ Zhongshan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ