បារាំងជំរុញផែនការសហប្រតិបត្តិការ​ក្នុងការផលិត​ឧបករណ៍​យោធា​នៅលើ​ទឹកដីអ៊ុយក្រែន

(VOVWORLD) - ក្នុងចំណោមអាជីវកម្មដែលចូលរួមក្នុងផែនការនេះគឺក្រុមហ៊ុនផលិតរថគ្រោះ KNDS ផងដែរ។

នាថ្ងៃទី ៨ មីនា រដ្ឋមន្ត្រីកងទ័ពបារាំងលោក Sebastien Lecornu បានប្រកាសថា ប្រទេសនេះកំពុងរៀបចំផែនការអនុញ្ញាតឱ្យក្រុមហ៊ុនផលិតអាវុធមួយចំនួនផលិតឧបករណ៍យោធានៅលើទឹកដីអ៊ុយក្រែន។

នៅក្នុងសេចក្តីប្រកាស លោក Lecornu បាននិយាយថា ក្រុមហ៊ុនបារាំងចំនួនបីនឹងបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនអ៊ុយក្រែន ជាពិសេសនៅក្នុងវិស័យសម្ភារៈយោធា និងយន្តហោះគ្មានមនុស្សបើក ដើម្បីផលិតគ្រឿងបន្លាស់នៅលើទឹកដីនៃប្រទេសអឺរ៉ុបខាងកើតនេះ ហើយអាចនឹងមានគ្រាប់រំសេវនៅពេលអនាគត។ យោងតាមផែនការ មូលដ្ឋានដំបូងនឹងដំណើរការនៅរដូវក្តៅនេះ។ លោក Lecornu ក៏បានបង្ហើបថា ក្នុងចំណោមអាជីវកម្មដែលចូលរួមក្នុងផែនការនេះគឺក្រុមហ៊ុនផលិតរថគ្រោះ KNDS ផងដែរ។

ការប្រកាសខាងលើត្រូវបាននាំចេញមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថាប្រទេសនេះនឹងមិនរំលងវិធានការណាមួយដើម្បីជួយឧបត្ថម្ភអ៊ុយក្រែនឡើយ។ កាលពីខែមុន ថ្នាក់ដឹកនាំបារាំងក៏បានប្រកាសពីជំហានថ្មីមួយចំនួនដើម្បីជួយឧបត្ថម្ភអ៊ុយក្រែនក្នុងជម្លោះជាមួយរុស្ស៊ី ដែលឥឡូវនេះឈានចូលឆ្នាំទី ៣ ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ