បារាំងបដិសេធសំណូមពរដកឯកអគ្គរដ្ឋទូត ពីរបបយោធានៅប្រទេសនីហ្សេ
(VOVWORLD) - ទំនាក់ទំនងរវាងបារាំង និងនីហ្សេ មានភាពតានតឹងឡើងជណ្ដើរ នៅពេលដែលរបបយោធានៅប្រទេសនីហ្សេ កាលពីថ្ងៃទី ២៥ ខែសីហា បានស្នើឱ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសនីហ្សេ ចាកចេញពីប្រទេសនេះក្នុងអំឡុងពេល ៤៨ ម៉ោង ប៉ុន្តែត្រូវបានបដិសេធដោយក្រសួងការបរទេសបារាំង ដោយចាត់ទុកថា ពួកគេមិនមែនជារដ្ឋាភិបាលស្របតាមរដ្ឋធម្មនុញ្ញទេ។
ក្រុមអ្នកគាំទ្ររបបយោធានៅនីហ្សេបានប្រមូលផ្តុំគ្នានៅមុខមូលដ្ឋានយោធាបារាំងក្នុងរដ្ឋធានី Niamey កាលពីខែសីហា។ រូបថត៖ Mahamadou Hamidou/REUTERS |
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីម្សិលមិញ របបយោធាក្នុងប្រទេសនីហ្សេបានឲ្យដឹងថា សំណើបណ្តេញនេះ ត្រូវបានធ្វើឡើងដោយសារឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសនីហ្សេរី លោក Sylvain Itte បានបដិសេធការអញ្ជើញឱ្យចូលរួមក្នុងកិច្ចសន្ទនាមួយនាថ្ងៃដដែលនោះ ខណៈដែលរដ្ឋាភិបាលបារាំងនៅតែបន្តធ្វើសកម្មភាពផ្ទុយទៅនឹងផលប្រយោជន៍របស់នីហ្សេ។ សេចក្តីប្រកាសក៏បានបញ្ជាក់ផងដែរថា តំណាងការទូតបារាំងនឹងមិនត្រូវបានស្វាគមន៍ទៀតទេ ហើយត្រូវការចាកចេញពីប្រទេសនីហ្សេក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ។
ទន្ទឹមជាមួយបារាំងដែរ របបយោធានៅប្រទេសនីហ្សេកាលពីម្សិលមិញក៏បានចេញសេចក្តីជូនដំណឹងអំពីការបណ្តេញឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ាប្រចាំប្រទេសនីហ្សេ ដោយសារហេតុផលស្រដៀងគ្នានេះដែរ។
កងកម្លាំងពលប្រហារនៅប្រទេសនីហ្សេបានចោទប្រកាន់បារាំងម្តងហើយម្តងទៀតថា មានបំណងធ្វើអន្តរាគមន៍យោធាចូលប្រទេសនីហ្សេ នាំប្រធានាធិបតីដែលត្រូវផ្តួលរំលំលោក Mohamed Bazoum វិលត្រឡប់មកកាន់អំណាចវិញ ហើយក៏បានចាត់ទូកថា បារាំងជាអ្នកនៅពីក្រោយដែលគាំទ្រនិងចាត់ចែងសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) ដើម្បីដាក់សម្ពាធ៕