ប្រទេសលោកខាងលិចជាច្រើនអំពាវនាវឱ្យអ៊ីស្រាអែលរាំងខ្ទប់អំពើហិង្សាលើជនប៉ាឡេស្ទីននៅតំបន់ West Bank
(VOVWORLD) - កាលពីថ្ងៃទី ១៥ ខែធ្នូ រដ្ឋាភិបាលនៃប្រទេសលោកខាងលិចចំនួនជាង ១០ រួមមានអង់គ្លេស អូស្ត្រាលី កាណាដា និងប្រទេសសមាជិក EU មួយចំនួន បានចេញសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវឱ្យអ៊ីស្រាអែលចាត់វិធានការជាក់ស្តែងជាបន្ទាន់ ដើម្បីដោះស្រាយស្ថានភាពអំពើហឹង្សារបស់អ្នកតាំងលំនៅអ៊ីស្រាអែល ប្រឆាំងនឹងជនប៉ាឡេស្ទីននៅតំបន់ West Bank។
សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា ការកើនឡើងនៃអំពើហិង្សាសំដៅទៅលើជនប៉ាឡេស្ទីនក្នុងតំបន់ West Bank គឺមិនអាចទទួលយកបានឡើយ។
គំនរបាក់បែកបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្ សានៅថ្ងៃទី ១៤ ខែធ្នូ។ ប្រភព៖ THX/TTXVN |
ទាក់ទិននឹងជម្លោះនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី ១៥ ខែធ្នូ បន្ទាប់ពីជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ក៏បានជំរុញឱ្យប្រទេសនានាដាក់សម្ពាធដើម្បីបញ្ឈប់ស្ថានភាពអំពើហិង្សានៅតំបន់ហ្គាហ្សា។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ និងអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការយោធាដើម្បីសងសឹកកងកម្លាំងហាម៉ាសនៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៧ ខែតុលា មានមនុស្សជាង ១៨.០០០ នាក់បានស្លាប់នៅតំបន់ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិលប៉ាឡេស្ទីន។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan កាលពីថ្ងៃទី ១៥ ខែធ្នូ ក៏បាននិយាយថា អាមេរិកមិនគាំទ្រអ៊ីស្រាអែល ដណ្តើមយកតំបន់ហ្គាហ្សាមកវិញក្នុងរយៈពេលវែងនោះទេ ហើយជឿជាក់ថា ការគ្រប់គ្រងតំបន់នេះ ចាំបាច់ត្រូវប្រគល់ជូនអាជ្ញាធរប៉ាឡេស្ទីនវិញ បន្ទាប់ពីជម្លោះបានបញ្ចប់៕