ប្រទេស​ស៊ីរីអនុញ្ញាតឱ្យ​រក្សាច្រករបៀងមនុស្សធម៌របស់UN ទៅកាន់តំបន់ភាគពាយ័ព្យ

(VOVWORLD) - រដ្ឋាភិបាលស៊ីរីបានយល់ព្រមអនុញ្ញាតឱ្យអង្គការសហប្រជាជាតិប្រើប្រាស់ច្រកព្រំដែនពីប្រទេសទួរគី ដើម្បីបន្តផ្តល់ជំនួយដល់តំបន់ភាគពាយ័ព្យប្រទេសស៊ីរី ក្នុងរយៈពេល៦ខែខាងមុខ។
ប្រទេស​ស៊ីរីអនុញ្ញាតឱ្យ​រក្សាច្រករបៀងមនុស្សធម៌របស់UN ទៅកាន់តំបន់ភាគពាយ័ព្យ - ảnh 1កុមារនៅជំរំជនភៀសខ្លួនមួយក្នុងក្រុង Dana ខេត្ត Idlib ប្រទេសស៊ីរី។ រូបថត៖ AFP/VNA

នៅក្នុងលិខិតផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៣ កក្កដា ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក Bassam Sabbagh បានបញ្ជាក់ថា អង្គការសហប្រជាជាតិ និងទីភ្នាក់ងាររបស់ខ្លួនត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញជួយសង្គ្រោះតាមរយៈច្រកទ្វារព្រំដែន Bab al-Hawa ទៅកាន់ភាគពាយ័ព្យនៃប្រទេសស៊ីរីក្នុងរយៈពេល៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី១៣ ខែកក្កដា។ លោក Sabbagh បានសង្កត់ធ្ងន់ថា ប្រតិបត្តិការដឹកជញ្ជូននេះ "ត្រូវមានការសម្របសម្រួលយ៉ាងពេញលេញជាមួយរដ្ឋាភិបាលស៊ីរី"។

មុននោះ នាថ្ងៃទី ១១ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីការបន្តកិច្ចព្រមព្រៀងប្រើប្រាស់ច្រករបៀងមនុស្សធម៌សំខាន់ៗនៅក្នុងប្រទេសស៊ីរី។ កិច្ចព្រមព្រៀងនេះបានផុតកំណត់នៅថ្ងៃទី ១០ ខែកក្កដា។

ប្រជាជនស៊ីរីប្រមាណ ៤លាននាក់កំពុងពឹងផ្អែកលើជំនួយមនុស្សធម៌ ក្រោយរយៈពេលជាច្រើនឆ្នាំដែលប្រទេសនេះធ្លាក់ចូលទៅក្នុងជម្លោះ និងរងការបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដី។ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីខែកុម្ភៈ ដែលបានសម្លាប់ប្រជាជនស៊ីរីរាប់ពាន់នាក់ ប្រធានាធិបតី Bashar al-Assad បានយល់ព្រមបើកច្រកព្រំដែនចំនួន២បន្ថែមទៀតរហូតដល់ខែសីហាឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ