ប្រធានាធិបតីទួរគីប្រកាសថា “មិនស្វាគមន៍” ឯកអគ្គរដ្ឋទូតនៃប្រទេសលោកខាងលិចចំនួន១០

(VOVWORLD) - កាលពីថ្ងៃទី១៩ ខែតុលា ក្រសួងការបរទេសទួរគីបានកោះហៅឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន១០ រួមមានអាមេរិក កាណាដា បារាំង ហ្វាំងឡង់ ដាណឺម៉ាក អាល្លឺម៉ង់ ហូឡង់ នូវែលហ្សេឡង់ ន័រវេស និង ស៊ុយអែត ដែលពាក់ព័ន្ធដល់សេចក្ដីថ្លែងការណ៍រួម អំពាវនាវឲ្យដោះលែងធុរជនលោក Osman Kavala ដែលកំពុងត្រូវឃុំខ្លួននៅទួរគី។
ប្រធានាធិបតីទួរគីប្រកាសថា “មិនស្វាគមន៍” ឯកអគ្គរដ្ឋទូតនៃប្រទេសលោកខាងលិចចំនួន១០ - ảnh 1ប្រធានាធិបតីទួរគីលោក Tayyip Erdogan។ (រូបថត៖ AFP/VNA)

នៅថ្ងៃទី២៣ ខែតុលា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានឲ្យដឹងថា លោកបានបញ្ជាឲ្យក្រសួងការបរទេសនៃប្រទេសនេះប្រកាស ឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន១០ រួមទាំងឯកអគ្គរដ្ឋទូតអាមេរិក អាល្លឺម៉ង់និងបារាំង ជាអ្នកការទូតដែល “មិនត្រូវបានស្វាគមន៍” នោះឡើយ ហើយនឹងបណ្ដេញពួកគេចេញពីប្រទេសក្នុងពេលឆាប់ៗ។

មុននោះ កាលពីថ្ងៃទី១៩ ខែតុលា ក្រសួងការបរទេសទួរគីបានកោះហៅឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន១០ រួមមានអាមេរិក កាណាដា បារាំង ហ្វាំងឡង់ ដាណឺម៉ាក អាល្លឺម៉ង់ ហូឡង់ នូវែលហ្សេឡង់ ន័រវេស និងស៊ុយអែត ដែលពាក់ព័ន្ធដល់សេចក្ដីថ្លែងការណ៍រួម អំពាវនាវឲ្យដោះលែងធុរជនលោក Osman Kavala ដែលកំពុងត្រូវឃុំខ្លួននៅទួរគី។ ក្នុងសេចក្ដីថ្លែងការណ៍រួមចេញនៅថ្ងៃទី១៨ ខែតុលា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំង១០ខាងលើ បានអំពាវនាវឲ្យមានដំណោះស្រាយ “ដោយយុត្តិធម៌និងឆាប់រហ័ស” ចំពោះករណីរបស់លោក Kavala ឲ្យបានសមស្របនឹងកាតព្វកិច្ចអន្តរជាតិរបស់ទួរគី ក៏ដូចជាច្បាប់របស់ប្រទេសនេះ ព្រមទាំងដោះលែងឥស្សរៈជនរូបនេះភ្លាមមួយរំពិច។ ក្រសួងការបរទេសទួរគីបានរិះគន់សេចក្ដីថ្លែងការណ៍រួមនេះថា “គ្មានការទទួលខុសត្រូវ”។

គួរជម្រាបថា លោក Kavala ត្រូវឃុំខ្លួនតាំងពីចុងឆ្នាំ២០១៧ ដោយជាប់ចោទបានឧបត្ថម្ភហិរញ្ញវត្ថុដល់បាតុកម្មប្រឆាំងរដ្ឋាភិបាកកាលពីឆ្នាំ២០១៣ ហើយចូលរួមធ្វើរដ្ឋប្រហារឆ្នាំ២០១៦។ តាមការគ្រោងទុក លោក Kavala នឹងបង្ហាញខ្លួននៅសវនាការបន្ទាប់នាថ្ងៃទី២៦ តុលា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ