ប្រធានាធិបតីរុស្ស៊ី និងប្រធានរដ្ឋចិន នឹងចូលរួមកិច្ចប្រជុំកំពូល G២០ នៅឥណ្ឌូនេស៊ី
(VOVWORLD) - ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៨ ខែសីហា បានដកស្រង់សម្តីរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានរដ្ឋចិន លោក Xi Jinping នឹងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចរីកចម្រើនឈានមុខគេលើពិភពលោក (G២០) នៅឥណ្ឌូនេស៊ី នាខែវិច្ឆិកាខាងមុខ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅទីក្រុងប៉េកាំង ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបថត៖ Sputnik)
|
យោងតាមប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ប្រសិនបើលោក Putin និងលោក Xi Jinping ចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងមេដឹកនាំដទៃទៀតនោះ វានឹងក្លាយជាលើកទីមួយហើយដែលមេដឹកនាំទាំងនេះបានជួបគ្នា ចាប់តាំងពីពេលដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។ លោក Widodo និងលោក Putin បានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល G២០ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ១៨ ខែសីហា។ កាលពីខែកក្កតា លោក Widodo បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង និងបានជួបពិភាក្សាជាមួយលោក Xi Jinping។ មេដឹកនាំទាំងពីររូបបានឯកភាព សហការដើម្បីកិច្ចប្រជុំកំពូល G២០ ប្រកបដោយជោគជ័យ។ បច្ចុប្បន្ន ឥណ្ឌូណេស៊ីកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រទេស G២០។ លោកប្រធានាធិបតី Widodo កំពុងស្វែងរកតួនាទីជាអ្នកសម្រុះសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ៕