ប្រធានាធិបតីស៊ីរីបំពេញទស្សនកិច្ចជាផ្លូវការនៅ UAE
(VOVWORLD) - ដំណើរទស្សនកិច្ចកាលពីថ្ងៃទី ១៩ ខែមីនា គឺជាដំណើរទស្សនកិច្ចលើកទីពីររបស់ប្រធានាធិបតី Bashar al-Assad ទៅកាន់តំបន់ឈូងសមុទ្រ ចាប់តាំងពីគ្រោះរញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈ បានបំផ្លិចបំផ្លាញតំបន់ជាច្រើនក្នុងប្រទេសស៊ីរី និងតួកគី។
ប្រធានាធិបតីស៊ីរី Bashar al-Assad និងប្រធានាធិបតី UAE លោក Mohammad bin Zayed Al-Nahyan ក្នុងជំនួបនៅទីក្រុង Abu Dhabi នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN) |
កាលពីខែកុម្ភៈ មេដឹកនាំស៊ីរីបានអញ្ជើញមកដល់ប្រទេសអូម៉ង់ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់បណ្តាប្រទេសអារ៉ាប់ ចាប់តាំងពី សង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរីបានកើតឡើងកាលពីឆ្នាំ ២០១១។
អេមីរ៉ាតអារ៉ាប់រួម (UAE) ដែលបានធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយស៊ីរីចាប់តាំងពីឆ្នាំ ២០១៨មក បានឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌បន្ទាប់ពីគ្រោះរញ្ជួយដីនៅថ្ងៃទី ៦ ខែកុម្ភៈ នៅភាគអាគ្នេយ៍ប្រទេសទួរគីនិង ភាគពាយព្យប្រទេសស៊ីរី ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ ក្រុមអ្នកវិភាគចាត់ទុកថា កម្លាំងចលករផ្នែកការទូតត្រូវបានបង្កើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិដែលជួយប្រទេសស៊ីរីងើបឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដី អាចធ្វើឲ្យប្រសើរឡើងទំនាក់ទំនងរវាងទីក្រុងដាម៉ាស ជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ា ដែលធ្លាប់តែប្រឆាំងនឹងការធ្វើប្រក្រតីភាពឡើងវិញក្រោយរយៈពេលជាងមួយទសវត្សរ៍។ UAEបានសន្យាផ្តល់ជំនួយជាង ១០០ លានដុល្លារដល់ប្រទេសស៊ីរីសម្រាប់ដោះស្រាយផលវិបាក់នៃគ្រោះមហន្តរាយ។ UAE ក៏បានបញ្ជូនក្រុមរុករកនិងជួយ សង្គ្រោះ ហើយផ្តល់ជំនួយសង្គ្រោះបន្ទាន់រាប់ពាន់តោនផងដែរ៕