ប្រធានាធិបតីអាមេរិ​ក​ជួបសន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រីអង់គ្លេសនិងស្តេច Charles III

(VOVWORLD) - កាលពីថ្ងៃទី ១០ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោកRishi Sunak ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសនេះ។
ប្រធានាធិបតីអាមេរិ​ក​ជួបសន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រីអង់គ្លេសនិងស្តេច Charles III - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden ជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅផ្ទះលេខ ១០ វិថី Downing ។ រូបថត៖ The Guardian

ក្នុងកិច្ចសន្ទនា ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅប្រទេសលីទុយអានី ជម្លោះនៅអ៊ុយក្រែន និងសេចក្តីប្រកាសអាត្លង់ទិកដែលត្រូវបានប្រកាសកាលពីខែមិថុនា សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទាក់ទិននឹងការសម្រេចរបស់អាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមដល់អ៊ុយក្រែន នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា អង់គ្លេសជាប្រទេសហត្ថលេខីមួយនៃសន្ធិសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោម ប៉ុន្តែការសម្រេចចិត្តប្រើប្រាស់អាវុធនេះគឺអាស្រ័យលើប្រទេសនីមួយៗ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Biden ក៏បានជួបជាមួយ ស្តេច Charles III នៅវិមាន Windsoreផងដែរ។ ប្រធានាធិបតីអាមេរិក និងស្តេច Charles III បានពិភាក្សាអំពីបញ្ហាបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ហើយជួបជាមួយគណៈប្រតិភូនៃវេទិកាហិរញ្ញវត្ថុអាមេរិក-អង់គ្លេស ដែលរៀបចំឡើងដោយរដ្ឋមន្ត្រីថាមពលចក្រភពអង់គ្លេស លោក Grant Shapps និងបេសកជនអាកាសធាតុរបស់ប្រធានាធិបតីអាមេរិក លោក John Kerry ដើម្បីរៃអង្គាសមូលនិធិសម្រាប់ជួយប្រទេសក្រីក្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ប្រធានាធិបតីអាមេរិក លោក Biden បានមកដល់ទីក្រុងឡុងដ៍នៅយប់ថ្ងៃទី ៩ ខែកក្កដា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសចំនួន៣ ជាមួយនឹងទិសដៅចុងក្រោយគឺហ្វាំងឡង់ដែលជាសមាជិកថ្មីបំផុតរបស់ណាតូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ