ប្រធានាធិបតីអាមេរិក នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យប្រក្រតីកម្មនូវទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួម
(VOVWORLD) - ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ (Donald Trump) នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីការធ្វើឱ្យប្រក្រតីកម្មនូវទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួម។
ព្រះអង្គម្ចាស់ Mohammed Bin Zayed (ឆ្វេង) និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu (ស្តាំ) បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តមួយជាមួយនឹងការសម្រុះសម្រួលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ (ប្រភព៖ Reuters) |
មន្ត្រីជាន់ខ្ពស់មួយរូបនៃសេតវិមានកាលពីថ្ងៃទី ៨ ខែកញ្ញា បានឲ្យដឹងថាពិធីចុះហត្ថលេខានេះ គ្រោងនឹងធ្វើឡើងនៅសេតវិមាននៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះក្រោមការធ្វើជាសាក្សីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្រ្តីការបរទេសអេមីរ៉ាតអារ៉ាប់រួម លោក Abdullah bin Zayed Al-Nahyan នឹងរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះផងដែរ។
គួររំលឹកថា ប្រទេសអ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួម សម្រេចបានកិច្ចព្រមព្រៀងនេះ នាថ្ងៃទី ១៣ ខែសីហាកន្លងមក បន្ទាប់ពីការចរចារគ្នាអស់រយៈពេល ១៨ ខែ។ យោងតាមកិច្ចព្រមព្រៀងនេះ អេមីរ៉ាតអារ៉ាប់រួម បានយល់ព្រមធ្វើឱ្យប្រក្រតីកម្មនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល ខណៈពេលដែលអ៊ីស្រាអែលយល់ព្រមបន្តបញ្ឈប់ការដាក់បញ្ចូលតំបន់វេសបែង (WestBank) ចូលក្នុងដែនដីរបស់ខ្លួនផងដែរ៕