ប្រធាន​រដ្ឋ​​ចិនលោក​ Xi Jinping ជួប​ពិភាក្សា​​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin នៅ​ទីក្រុង​ប៉េកាំង

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅថ្ងៃទី៣ ខែកុម្ភៈ បានជួបសន្ទនាជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងត្រៀមរៀបចំសម្រាប់ជំនួបទល់មុខគ្នា រវាងប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ៤ ខែកុម្ភៈ។
ប្រធាន​រដ្ឋ​​ចិនលោក​ Xi Jinping ជួប​ពិភាក្សា​​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin នៅ​ទីក្រុង​ប៉េកាំង - ảnh 1រដ្ឋមន្ត្រីការបរទេសចិន និងរុស្ស៊ី ជួបសន្ទនានៅទីក្រុងប៉េកាំង។ (ប្រភព៖ ក្រសួងការបរទេសចិន)

ថ្លែងមតិក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានអះអាងថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយទីក្រុងម៉ូស្គូ ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ លើកកំពស់សមភាពអន្តរជាតិ និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។ លោកបានអំពាវនាវឱ្យភាគីទាំងពីរ កសាងការស្រុះចិត្តគំនិតគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ធានាឱ្យមានការដោះប្តូរពាណិជ្ជកម្មនិងការជួបប្រាស្រ័យប្រជាជនធម្មតា ក៏ដូចជាលើកកម្ពស់ស្ថិរភាពនិងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្តែង។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រីការបរទេស Lavrov បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិន មិនរងឥទ្ធិពលដោយកត្តានយោបាយណាមួយ និងមិនសំដៅប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ។

តាមផែនការ ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបពិភាក្សាទល់មុខគ្នា មុនពេលចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារទីក្រុងប៉េកាំងនៅយប់ថ្ងៃទី ៤ ខែកុម្ភៈ។ នេះជាជំនួបដំបូងរវាងមេដឹកនាំទាំងពីររូប ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ