ប្រធានរដ្ឋលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌានិងបង់ក្លាដែស
(VOVWORLD) - នាយប់ថ្ងៃទី៦ មិនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និង លោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានវិលមករដ្ឋធានី ហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌា និងបង់ក្លាដែស។
ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ (រូបថត៖ VOV) |
ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជួបចរចា ជួបសវនាការជាមួយប្រធានាធិបតីលោក Ram Nath Kovind និងនាយករដ្ឋមន្រ្តីលោក Narendra Modi ទទួលជួបប្រធានសភាជាន់ទាប Sumitra Mahajan រដ្ឋមន្រ្តីការបរទេស Sushma Swaraj ថ្នាក់ដឹកនាំគណៈបក្សនយោបាយ សមាគមន៍មិត្តភាពវៀតណាម-ឥណ្ឌា។ ប្រធានរដ្ឋលោក Tran Dai Quang ក៏ចូលរួមវេទិកាសហគ្រាសវៀតណាម-ឥណ្ឌា កាត់ខ្សែបូបើក “ទិវាវប្បធម៌វៀតណាមនៅឥណ្ឌា” ដាក់កម្រងផ្កានៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ Mahatma Gandhi និងទៅបំពេញទស្សនកិច្ចនៅរដ្ឋ Bihar។ នៅសារមន្ទីររំលឹកវិញ្ញាណក្ខ័ន្ធ Nehru នៅរដ្ឋធានីញូវដេលី ប្រធានរដ្ឋលោក Tran Dai Quang បានថ្លែងបទសន្ទរកថាដ៏សំខាន់ទៅកាន់មជ្ឈដ្ឋានអ្នកនយោបាយ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវអ្នកប្រាជ្ញនិងនិស្សិតឥណ្ឌា។
ដំណើរទស្សនកិច្ចនៅបង់ក្លាដែសរបស់ប្រធានរដ្ឋលោក Tran Dai Quang ប្រព្រឹត្តទៅនាចំឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បង់ក្លាដែស។ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជួបចរចា ជួបសវនាការជាមួយប្រធានាធិបតីលោក Abdul Hamid នាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ទទួលជួបប្រធានរដ្ឋសភានិងប្រធានគណៈបក្សកម្មករ ចូលរួមវេទិកាសហគ្រាសវៀតណាម-បង់ក្លាដែសនិងចូលរួមពិធីបើក “ទិវាវប្បធម៌វៀតណាមនៅបង់ក្លាដែស”។
ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌានិងបង់ក្លាដែសរបស់ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Dinh Quy បានឆ្លើយសម្ភាសន៍ក្រុមអ្នកយកព័ត៌មានអំដំណើរ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ។
អនុរដ្ឋមន្រ្តី Dang Dinh Quy ឲ្យដឹងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅឥណ្ឌានិងបង់ក្លាដែស បានបញ្ចប់ប្រកបដោយជោគជ័យលើគ្រប់វិស័យ។ ក្នុងបញ្ហាទាំងអស់ដែលប្រធានរដ្ឋលោក Tran Dai Quangពិភាក្សាជាមួយថ្នាក់ដឹកនាំឥណ្ឌានិងបង់ក្លាដែសនោះ ភាគីទាំងពីរសុទ្ធតែទទួលបានឯកភាពខ្ពស់ ក្នុងនោះមានទិសដៅធំៗដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយឥណ្ឌានិងងបង់ក្លាដែសឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត៕