ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin
(VOVWORLD) - ប្រធានរដ្ឋលោក To Lam ជឿជាក់ថា សហព័ន្ធរុស្ស៊ីនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា នយោបាយសង្គមមានស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់។
រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍យ៉ាងឱឡារិកជូនប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin។ រូបថត៖ VOV |
នាយប់ថ្ងៃទី ២០ មិថុនា នៅរោងមហោស្រពធំ ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជាអធិបតីក្នុងពិធី លៀងសាយភោជន៍យ៉ាងឱឡារិកជូនប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋលោក To Lam បានលើកច្បាស់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Vladimir Putin នៅវៀតណាមលើកនេះ គឺចំនឹងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី បើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋលោក To Lam ជឿជាក់ថា សហព័ន្ធរុស្ស៊ីនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា នយោបាយសង្គមមានស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់។ ទន្ទឹមនឹងនោះតួនាទី និងកិត្យានុភាពរបស់ប្រទេសមហាអំណាច កាន់តែត្រូវបានលើកកម្ពស់។
ថ្លែងមតិក្នុងពិធីនេះ លោកប្រធានាធិបតី Vladimir Putin បានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសគឺការអភិវឌ្ឍលោតផ្លោះលើវិស័យសេដ្ឋកិច្ចសង្គម; ព្រមទាំងអះអាងថា វៀតណាមសក្តិសមជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងសកម្មបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកប្រធានាធិបតី Vladimir Putin បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ នឹងបើកឱកាសថ្មីៗ ជួយពង្រឹង និងពង្រីកថែមទៀតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឆ្ពោះទៅអនាគតដ៏ស្រស់បំព្រង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕