ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបពិភាក្សាជាមួយប្រធានាធិបតីអូទ្រីស
(VOVWORLD) - បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក នាព្រឹកថ្ងៃទី២៤ ខែកក្កដា នៅទីក្រុងវីយែន ប្រទេសអូទ្រីស លោកប្រធានរដ្ឋវៀតណាម Vo Van Thuong និងលោកប្រធានាធិបតី Alexander Van der Bellen មានជំនួបចង្អៀត បន្ទាប់មកបានធ្វើជាសហប្រធានកិច្ចពិភាក្សារវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជួបពិភាក្សាជាមួយប្រធានាធិបតីអូទ្រីស (រូបថត៖ vna) |
នៅក្នុងជំនួបនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអូទ្រីស។ ប្រធានរដ្ឋលោក Vo Van Thuong បានស្នើឲ្យ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងទាញយកប្រកបដោយប្រសិទ្ធភាពនូវផលប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA); អូទ្រីសមានគោលនយោបាយលើកទឹកចិត្ត និងបង្កើតលក្ខខ័ណ្ឌអំណោយផលសម្រាប់ធុរកិច្ចអូទ្រីស ជំរុញការវិនិយោគនៅវៀតណាមលើវិស័យដូចជា ឧស្សាហកម្មសម្រាប់ផលិតរថយន្ត ផ្លូវដែក បរិក្ខារពេទ្យ និងឱសថ។ ប្រធានរដ្ឋលោក Vo Van Thuong ក៏បានស្នើឲ្យ អូទ្រីសសម្រេចរួចររាល់នីតិវិធីសម្រាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - អឺរ៉ុប (EVIPA)។ ប្រធានរដ្ឋលោក Vo Van Thuong ក៏បានស្នើឱ្យប្រទេសអូទ្រីសដាក់ប្រទេសវៀតណាមក្នុងបញ្ជីអាទិភាពដើម្បីទទួលបានជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងមានគោលនយោបាយផ្តល់កម្ចីអនុគ្រោះបន្ថែមទៀត ជាពិសេសសម្រាប់គម្រោងលើវិស័យសុខាភិបាល បរិស្ថាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសង្គ្រោះអគ្គីភ័យ។
រីឯខ្លួនវិញ ប្រធានាធិបតីលោក Alexander Van der Bellen បានអះអាងថា អូទ្រីសយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៧២ ដោយចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់អូទ្រីសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ហើយមានបំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច អប់រំ និងវប្បធម៌។
ថ្នាក់ដឹកនាំទាំងពីរបានជូនដំណឹងអំពីស្ថានភាពរបស់គ្នាទៅវិញទៅមក ពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការ និងវិធានការនានា ដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងអូទ្រីស។ ភាគីទាំងពីរបានឯកភាពពង្រឹងសកម្មភាពកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វប្បធម៌-សិល្បៈ និងកីឡា ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តធ្វើការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ អំពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត គាំទ្រច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
បន្ទាប់ពីជំនួបពិភាក្សា លោកប្រធានរដ្ឋ Vo Van Thuong និងប្រធានាធិបតីអូទ្រីសបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងការបរទេសវៀតណាម និងក្រសួងការបរទេសអូទ្រីស៕