ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងទីក្រុងតូក្យូ (ជប៉ុន) ជាមួយខេត្ត ក្រុងនានារបស់វៀតណាម
(VOVWORLD) - លោកប្រធានរដ្ឋបានសម្តែងនូវមោទនភាពដែលយុវជនវៀតណាមកាន់តែច្រើនបានចាប់ផ្តើមអាជីវកម្ម នៅជប៉ុនប្រកបដោយជោគជ័យ តាមនោះជួយផ្សព្វផ្សាយវប្បធម៌វៀតណាម ក៏ដូចជាផ្សារភ្ជាប់ប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធតាមរយៈម្ហូបអាហារ។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ បានអញ្ជើញទៅទស្សនាភោជនីយដ្ឋាន “សួរស្ដីនំបុ័ង”។ រូបថត៖ VOV |
ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវ រួមជាមួយអភិបាលក្រុងតូក្យូ លោកស្រី Koike Yuriko បានអញ្ជើញទៅទស្សនាភោជនីយដ្ឋាន “សួរស្ដីនំបុ័ង”ដែលត្រូវបាន អតីតនិស្សិតវៀតណាមពីរនាក់បង្កើតឡើង។
អញ្ជើញថ្លែងមតិជាមួយភ្ញៀវនៅទីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណចំពោះអភិបាលក្រុង និង ថ្នាក់ដឹកនាំនៃរដ្ឋធានីតូក្យូជាច្រើនជំនាន់ ដែលបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងទីក្រុងតូក្យូ និងតំបន់នានារបស់វៀតណាម ជាពិសេសជាមួយរដ្ឋធានីហាណូយ ក្នុងការបង្កលក្ខណៈងាយស្រួលដល់សហគ្រាស ប្រជាជនវៀតណាមធ្វើអាជីវកម្ម និងចាប់ផ្ដើមអាជីវកម្មនៅទីក្រុងតូក្យូ។ លោកប្រធានរដ្ឋបានសម្តែងនូវមោទនភាពដែលយុវជនវៀតណាមកាន់តែច្រើនបានចាប់ផ្តើមអាជីវកម្ម នៅជប៉ុនប្រកបដោយជោគជ័យ តាមនោះជួយផ្សព្វផ្សាយវប្បធម៌វៀតណាម ក៏ដូចជាផ្សារភ្ជាប់ប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធតាមរយៈម្ហូបអាហារ។
អភិបាលក្រុងតូក្យូ លោកស្រី Koike Yuriko បានអបអរសាទរចំពោះលោកប្រធានរដ្ឋ Vo Van Thuong ក្នុងជំនួបពិភាក្សាប្រកបដោយជោគជ័យយ៉ាងល្អប្រសើរជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ហើយថ្នាក់ដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម តម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងនៅលើពិភពលោក។ លោកស្រី Koike ក៏បាននិយាយផងដែរថា បច្ចុប្បន្នទីក្រុងតូក្យូកំពុងអនុវត្តន៍ប្រព័ន្ធការពារទឹកជំនន់ដែលមានបច្ចេកវិទ្យាខ្ពស់ ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការនិងអនុវត្តន៍ជាមួយទីក្រុងនានារបស់វៀតណាមផងដែរ៕