ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី
(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី លោក Enzo Moavero Milanesi។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលី លោក Enzo Moavero Milanesi |
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះសក្កានុភាពនៃសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលនៅធំធេងណាស់ ជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ទន្ទឹមជាមួយគ្នានោះ អ៊ីតាលីមានឧត្តមភាពក្នុងផលិតកម្មឧស្សាហកម្ម ជាពិសេស គឺវិស័យវិស្វកម្មមេកានិកនិងបច្ចេកវិទ្យាខ្ពស់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ - ការដឹកជញ្ជូននិងថាមពលជាដើម។ ទាំងអស់នេះ គឺជាវិស័យដែលវៀតណាមត្រូវការកិច្ចសហប្រតិបត្តិការ។
លោកស្រីប្រធានរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា: ក្នុងខែមិថុនាឆ្នាំ ២០១៩ ខាងមុខនេះ អ៊ីតាលីនិងវៀតណាមនឹងរួមសហការរៀបចំ ជំនួបសន្ទនាជាន់ខ្ពស់លើកទី ៣ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអ៊ីតាលី - អាស៊ាន” នៅទីក្រុងហាណូយ ដោយមានការចូលរួមពីអាជីវកម្មធំៗជាច្រើន មកពីអ៊ីតាលីនិងបណ្តាប្រទេសអាស៊ាន។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានគូសបញ្ជាក់ថា នេះគឺជាឱកាសល្អមួយ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងអ៊ីតាលីនិងបណ្តាប្រទេសអាស៊ាន ក្នុងនោះមានវៀតណាម ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអ៊ីតាលីនៅក្នុងអាស៊ាន។
ជាការឆ្លើយតបវិញ រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអ៊ីតាលីបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់អ៊ីតាលីក្នុងការជួយឧបត្ថម្ភវៀតណាម តាមរយៈដំណើរចរចារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA)។ លោករូបនេះក៏បានសម្តែងនូវបំណងប្រាថ្នា ចង់ឲ្យកិច្ចព្រមព្រៀង EVFTA នឹងត្រូវបានចុះហត្ថលេខានិងផ្តល់សច្ចានុម័តនាពេលឆាប់ៗនេះ ដើម្បីអាចក្លាយទៅជាកម្លាំងចលករសម្រាប់ជំរុញកំណើនពាណិជ្ជកម្ម - វិនិយោគរវាងសហភាពអឺរ៉ុបនិយាយរួមនិងរវាងអ៊ីតាលីនិងវៀតណាមនិយាយដោយឡែកឲ្យកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ៕