ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ ឆ្នោតទីក្រុងហូជីមិញ
(VOVWORLD) - នារសៀលថ្ងៃទី ១៦ វិច្ឆិកា នៅខ័ណ្ឌ ១ ទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទអនឡាញ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខ័ណ្ឌទី ១, ខ័ណ្ឌទី ៣, ខ័ណ្ឌ Binh Thanh ដើម្បីប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ អាណត្តិ ២០២១-២០២៦។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិជាមួយអ្នកបោះឆ្នោតអំពីការជំនះផលវិបាកនៃជំងឺកូវីដ ១៩ និងការស្តារសេដ្ឋកិច្ច-សង្គម ប្រធានរដ្ឋលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ទីក្រុងហូជីមិញ និងស្រុកពីរ គួរតែរៀបចំឱ្យបានល្អនូវការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាក្នុងសម័យប្រជុំលើកទី ២ កន្លងមក ហើយអនុវត្តន៍ឱ្យបានល្អប្រសើរ នូវសេចក្តីសម្រេចចិត្តលេខ ១២៨ របស់រដ្ឋាភិបាល ក្នុងនោះមានវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ យើងត្រូវកំណត់ការអនុវត្តគោលដៅពីរទៅជាគោលដៅតូចៗ ជាក់ស្តែងនៅកម្រិតអាជ្ញាធរមូលដ្ឋាននីមួយៗ។ ថ្នាក់ស្រុក និងខ័ណ្ឌមានសារៈសំខាន់ណាស់ក្នុងការអនុវត្តគោលនយោបាយ ដូច្នេះ ចាំបាច់ត្រូវមានផែនការអនុវត្តន៍ឲ្យបានលម្អិត ស្មារតីនៃការសម្របសម្រួល ការស្រុះចិត្តគំនិតក្នុងការអនុវត្តគោលដៅពីរ។ ចាំបាច់ត្រូវបន្តគ្រប់គ្រងជំងឺនេះឱ្យបានល្អក្នុងស្មារតីកំណត់ករណីធ្ងន់ធ្ងរ។ ករណីធ្ងន់ធ្ងរត្រូវតែសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយចំនួនអ្នកស្លាប់។ នេះជាលក្ខខណ្ឌចាំបាច់សម្រាប់ការស្តារសេដ្ឋកិច្ចសង្គម និងការវិលមករកភាពប្រក្រតីរបស់សង្គម”។
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសជាតិ ដូច្នេះចាំបាច់ត្រូវចាប់ផ្តើមឡើងវិញនូវ "រទេះសេះបី" នេះ រួមមាន ការវិនិយោគ ការប្រើប្រាស់ និងការនាំចេញ ដែលក្នុងនោះត្រូវស្តារឡើងវិញយ៉ាងឆាប់រហ័សនូវខ្សែសង្វាក់ផ្គត់ផ្គង់ និងទាក់ទាញកម្លាំងពលកម្មដើម្បីស្តារផលិតកម្ម៕