ប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi លាលែងពីតំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ
(VOVWORLD) - នាថ្ងៃទី ១៧ ខែវិច្ឆិកា ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានប្រកាសលាលែងពីតំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីគណបក្សសាធារណរដ្ឋមានអាសនៈគ្រប់គ្រាន់ដើម្បីទទួលបានសំឡេងភាគច្រើននៅក្នុងស្ថាប័ននីតិបញ្ញាត្តិនេះ។
ប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi ថ្លែងនៅសភាតំណាងរាស្រ្តក្នុងទីក្រុង Washington, DC ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN) |
ថ្លែងមតិនៅក្នុងសភាតំណាងរាស្រ្ត លោកស្រី Pelosi បានប្រកាសថា លោកស្រីមិនមានបំណងឈរឈ្មោះជាអ្នកដឹកនាំគណបក្សនេះនៅក្នុងសភាបន្ទាប់នោះទេ។ លោកស្រី Pelosi បានក្រឡែកមើលឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗក្នុងអាជីពនិងសមិទ្ធិផលនីតិបញ្ញត្តិសំខាន់ៗរបស់ខ្លួន ហើយបានលើកសរសើរសមិទ្ធិផលរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីសប្តាហ៍មុន។ ដូច្នេះហើយ លោកស្រី Pelosi នឹងដកខ្លួនចេញពីតំណែងជាអ្នកដឹកនាំគណបក្សនេះជាផ្លូវការនៅខែមករា ឆ្នាំ ២០២៣ នៅពេលដែលសភាតំណាងរាស្រ្តអាមេរិកអណត្តិថ្មី នឹងបោះឆ្នោតជ្រើសរើសប្រធាន ដែលជាតំណែងសំខាន់បំផុតទីបីបន្ទាប់ពីប្រធានាធិបតី និងអនុប្រធានាធិបតី។
លោកស្រី Pelosi អាយុ ៨២ ឆ្នាំ គឺជាប្រធានសភាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក។ លោកស្រីបានកាន់តំណែងនេះ ក្នុងរយៈពេលពីរអាណត្តិមិនជាប់គ្នាពីឆ្នាំ ២០០៧-២០១១ និងពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន៕