ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីសង្កត់ធ្ងន់លើតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត
(VOVWORLD) - កាសែតអនឡាញម៉ាឡេស៊ី Latestmalaysia.com នៅថ្ងៃទី ១០ ខែកក្កដាបានចុះផ្សាយអត្ថបទរបស់អ្នកនិពន្ធ Azam Saham ដែលថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានកាតព្វកិច្ចដើរតួនាទីស្នូលក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត ដោយមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) ធ្វើជាមូលដ្ឋានសម្រាប់បទដ្ឋាននិងឥរិយាបទ។
អត្ថបទវាយតម្លៃថា សាលដីការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ (PCA) មានសារៈសំខាន់ណាស់។ អត្ថបទបង្ហាញពីការគំរាមកំហែងរួមមាន៖ អំពើភេរវកម្មតាមសមុទ្រ ចោរកម្មតាមសមុទ្រ ការចូលក្នុងដែនទឹកខុសច្បាប់ ការនេសាទខុសច្បាប់ ការជួញដូរគ្រឿងញៀន អាវុធនិងការជួញដូរមនុស្ស។ សកម្មភាពនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍និងគ្មានច្បាប់គ្រប់គ្រង (IUU) មិនត្រឹមតែគំរាមកំហែងដល់ការរស់រានមានជីវិតនៃពពួកសត្វនិងរុក្ខជាតិក្រោមសមុទ្រប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើនភាពតានតឹងរវាងប្រទេសនានាផងដែរ។ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនិងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រក៏ងាយរងគ្រោះកាន់តែខ្លាំងឡើងពីអំពើចោរកម្មតាមសមុទ្រនិងអំពើភេរវកម្មដែនសមុទ្រផងដែរ។
អត្ថបទបានផ្តល់អនុសាសន៍ថា ដើម្បីកាត់បន្ថយការកើនឡើងនូវសកម្មភាពយោធានិងការកាន់កាប់នៅលើមូលដ្ឋានជាក់ស្តែងនាពេលថ្មីៗនេះ គួរតែមានសកម្មភាពសមូហភាពពីអាស៊ាន ជាពិសេសការឯកភាពនិងសាមគ្គីភាពរបស់ប្រទេសជាសមាជិក។ អ្នកនិពន្ធបានសង្កត់ធ្ងន់ថា អាស៊ាននិងប្រទេសជាសមាជិកមានកាតព្វកិច្ចដើរតួនាទីស្នូលក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត ហើយប្រទេសនៅក្រៅតំបន់ត្រូវគោរពយន្តការសហប្រតិបត្តិការពហុភាគីដែលដឹកនាំដោយអាស៊ាន។
អត្ថបទនេះក៏សង្កត់ធ្ងន់ទៅលើសារសំខាន់របស់ UNCLOS ក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើត ដោយលើកឡើងពីទស្សនៈរបស់ម៉ាឡេស៊ីនិងព្រុយណេលើបញ្ហានេះ។ នៅក្នុងឯកសារច្បាប់និងបណ្តាវេទិកាថ្មីៗនេះ ម៉ាឡេស៊ីបានបញ្ជាក់សាជាថ្មីនូវតួនាទីនៃច្បាប់អន្ដរជាតិ ក្នុងនោះមាន UNCLOS ផងដែរ។
អត្ថបទនេះក៏បានបញ្ជាក់ផងដែរ ការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងធានា សម្រេចបានវឌ្ឍនភាពជាក់ស្តែង នៅក្នុងបណ្តាការចរចារដើម្បីបញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយជម្លោះនៅតំបន់សមុទ្រនេះ៕