បរិយាកាសបុណ្យណូអែលមានភាពរស់រវើកជុំវិញពិភពលោក

(VOVWORLD) - បរិយាកាសបុណ្យណូអែលកំពុងរីករាលដាលនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ជាមួយនឹងសកម្មភាពពិធីបុណ្យនិងការតុបតែងលំអរវិថីជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទសេដ្ឋកិច្ចមិនអំណោយផល ប្រជាជននៃបណ្តាប្រទេសមានទំនោរនៃការចំណាយដោយប្រុងប្រយ័ត្ន។

នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កំរាលព្រំពន្លឺប្រវែង ១.៤០០ ម៉ែត្រត្រូវបានសាងសង់នៅចំកណ្តាលទីក្រុង ដោយប្រើប្រាស់អំពូលភ្លើងជាង ៣០០.០០០អំពូល តភ្ជាប់ពីទីលាន Venezia ទៅកាន់ទីលាន Popolo ។ នៅតាមបណ្តោយប្រវែងនៃកំរាលព្រំពន្លឺ បានព្យួរពាក្យ "សន្តិភាព" ដែលសរសេរជាភាសាជាច្រើនដូចជា៖ អ៊ីតាលី អង់គ្លេស បារាំង អាឡឺម៉ង់ និងអេស្ប៉ាញ ដើម្បីបញ្ជូនសារសន្តិភាពក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងជម្លោះជាច្រើន។ ដូចទំនៀមទំលាប់នៃឆ្នាំមុនៗដែរ ក្នុងឱកាសបុណ្យណូអែលឆ្នាំនេះ រដ្ឋធានីរ៉ូមរបស់អ៊ីតាលី បានស្វាគមន៍អ្នកទេសចររាប់សែននាក់មកពីគ្រប់ទិសទី ដើម្បីចូលរួមអធិស្ឋាននៅបុរីវ៉ាទីកង់ និងស្តាប់សាររបស់សម្តេចប៉ាប។

បរិយាកាសបុណ្យណូអែលមានភាពរស់រវើកជុំវិញពិភពលោក - ảnh 1រូបភាព៖ Daily News

ជាមួយគ្នានេះដែរ នៅរដ្ឋធានីប៉ារីសរបស់ប្រទេសបារាំង ជាលើកដំបូងដែលផ្សារបុណ្យណូអែលត្រូវបានរៀបចំឡើងនៅលើប៉ម Eiffel ដែលមានកម្ពស់ ៥៩ ម៉ែត្រ។ ភ្ញៀវទេសចរជនជាតិអាមេរិកម្នាក់ដែលមានវត្តមាននៅទីនេះបានចែករំលែកថា៖ “អ្នកអាចមានអារម្មណ៍នៃស្មារតីបុណ្យណូអែល នៅពេលដែលមនុស្សគ្រប់គ្នាសប្បាយរីករាយ មនុស្សគ្រប់គ្នាមានអារម្មណ៍ល្អ និងរីករាយជាមួយពំឡុងពេលនេះ។ បរិយាកាសបុណ្យណូអែលអាចទទួលអារម្មណ៍បានយ៉ាងច្បាស់នៅទីនេះ ពិតជាអស្ចារ្យណាស់"។

មិនដូចបរិយាកាសបុណ្យណូអែលដ៏រំភើបនោះទេ សកម្មភាពទិញទំនិញនៅក្នុងរដូវកាលពិធីបុណ្យឆ្នាំនេះមិនមានភាពវិជ្ជមានខ្លាំងទេ នៅក្នុងប្រទេសជាច្រើន ជាពិសេសនៅអឺរ៉ុប ដោយសារតែការព្រួយបារម្ភអំពីអស្ថិរភាពសេដ្ឋកិច្ច។ នៅប្រទេសអាឡឺម៉ង់ ទិន្នន័យរបស់វិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ (Ifo) កាលពីថ្ងៃទី ២១ ខែធ្នូ បានបង្ហាញថា សន្ទស្សន៍វាស់វែងស្ថានភាពអាជីវកម្មក្នុងវិស័យលក់រាយបានធ្លាក់ចុះដល់ - ១២,១ពិន្ទុ ក្នុងខែធ្នូ ដែលឆ្លុះបញ្ចាំងពីទំនោររបស់ប្រជាជនអាល្លឺម៉ង់ក្នុងការរឹតបន្តឹងការចំណាយ។ នៅចក្រភពអង់គ្លេសវិញ ការស្រាវជ្រាវដោយធនាគារ Barclays និងបណ្តាញលក់រាយ Sainsbury's បង្ហាញថា ប្រជាជនអង់គ្លេសចំណាយប្រាក់ភាគច្រើនក្នុងឆ្នាំនេះលើការទិញម្ហូបអាហារដើម្បីអបអរបុណ្យណូអែលនៅផ្ទះ ជំនួសឱ្យការទិញកាដូ និងញ៉ាំអាហារនៅភោជនីយដ្ឋាន។ ការស្ទង់មតិកាលពីថ្ងៃទី ២១ ខែធ្នូ ដោយសហព័ន្ធឧស្សាហកម្មអង់គ្លេស (CBI) ក៏បានបង្ហាញផងដែរថា ប្រាក់ចំណូលរបស់អ្នកលក់រាយនៅអង់គ្លេសក្នុងអំឡុងពេលបុណ្យណូអែលនេះគឺទាបជាងមធ្យមភាគនៃឆ្នាំមុនៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ