ផ្តោតសំខាន់លើការបញ្ជាទិញ និងការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុចាប់ពី ៥ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ
(VOVWORLD) - ក្រសួងបន្តធ្វើការវាយតម្លៃ បំពេញបន្ថែម និងសុក្រិតរាល់គោលការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដែលមានស្រាប់ ព្រមទាំងធ្វើការកែសម្រួលឲ្យសមស្របនឹងស្ថានភាពថ្មី។
រូបថត៖ VOV |
លោកនាយករដ្ឋមន្ត្រីវៀតណាមទើបបានស្នើឲ្យក្រសួងសុខាភិបាលសម្របសម្រួលជាមួយស្ថាប័ន និងខេត្ត ក្រុងពាក់ព័ន្ធនានាពន្លឿនការបំពេញ និងដាក់ជូនរដ្ឋាភិបាល ដើម្បីចេញផ្សាយកម្មវិធីមេ ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ឆ្នាំ ២០២២ - ២០២៣; ធានាប្រភព ការចែកចាយវ៉ាក់សាំង ថ្នាំព្យាបាលជំងឺកូវីដ ១៩ ឲ្យទាន់ពេលវេលា និងផ្ដោតសំខាន់លើការបញ្ជាទិញ ការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី ៥ ឆ្នាំ ដល់ក្រោម ១២ឆ្នាំ តាមការដឹកនាំរបស់រដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ក្រសួងបន្តធ្វើការវាយតម្លៃ បំពេញបន្ថែម និងសុក្រិតរាល់គោលការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដែលមានស្រាប់ ព្រមទាំងធ្វើការកែសម្រួលឲ្យសមស្របនឹងស្ថានភាពថ្មី។ ក្រៅពីនេះ សម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយស្ថាប័ន ខេត្ត ក្រុងនានា បន្តត្រួតពិនិត្យ ណែនាំ និងចាត់វិធានការសុខាភិបាល ធានាសុវត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ឲ្យសមស្របនឹងផែនការបើកសកម្មភាពទេសចរណ៍ ការដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពលេងកម្សាន្ត វប្បធម៌ សិល្បៈ កីឡា និងបើកទ្វារសាលារៀនឡើងវិញផងដែរ៕