ផ្សព្វផ្សាយទម្លាប់អានសៀវភៅនិងចំណូលចិត្តស្វែងយល់នូវចំណេះដឹងសម្រាប់សិក្សានុសិស្ស
(VOVWORLD) - “អាណាព្យាបាល លោកគ្រូ អ្នកគ្រូទាំងអស់ គប្បីហាត់ពត់លត់ដំឲ្យសិស្សានុសិស្ស នូវទំលាប់អានសៀវភៅ ចំណូលចិត្តស្វែងយល់ចំណេះដឹង សម្រាប់ប្អូនៗ កាលពីនៅតូច ហើយសៀវភៅបានអានហើយ អាចចែកឲ្យមិត្តដទៃអានផងដែរ”។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញជូនអំណោយជាសៀវភៅជាង៥០០ក្បាលសម្រាប់ប្អូនកុមារបឋមសិក្សា (រូបថតៈ TTXVN) |
នេះជាប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam នៅក្នុងឱកាសអញ្ជើញទៅទស្សនានិងចូលរួមកម្មវិធីណែនាំអំពីសៀវភៅជាមួយលោកគ្រូ អ្នកគ្រូនៅឯសាលាបឋមសិក្សាឃុំ Da Trach ស្រុក Khoai Chau ខេត្ត Hung Yen នាថ្ងៃ ទី៣០ខែមករា។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញជូនអំណោយដែលជាសៀវភៅជាង៥០០ក្បាល សៀវភៅរៀនភាសាអង់គ្លេស សៀវភៅស្វែងយល់អំពីវិទ្យាសាស្ត្រ សម្រាប់សិស្សបឋមសិក្សាផងដែរ។ សៀវភៅទាំងនេះគឺពោរពេញទៅដោយអត្ថន័យសម្រាប់ប្អូនៗ ដែលនាំមកភាពសប្បាយនិងភាពជ្រួលច្រាល់ដល់ប្អូនសិស្សានុសិស្សគ្រប់រូប។
អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងគ្រូបង្រៀននៃសាលាបឋមសិក្សា Da Trach ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam មានបំណងចង់ឲ្យលោកគ្រូ អ្នកគ្រូ អនុវត្តការផ្លាស់ប្តូរថ្មីដើម្បីលើកកម្ពស់គុណភាពបង្រៀន ដោយផ្តោតសំខាន់លើជំនាញ ពោលគឺការសិក្សាទ្រឹស្តីត្រូវដើរទន្ទឹមនឹងការអនុវត្តផងដែរ៕