ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើសេដ្ឋកិច្ចវិលជុំក្នុងវិស័យកសិកម្ម
(VOVWORLD) - នាថ្ងៃទី ៨ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP) រៀបចំកិច្ចសន្ទនាគោលនយោបាយ “ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិនិងពហុវិស័យស្តីពីសេដ្ឋកិច្ចវិលជុំក្នុងវិស័យកសិកម្ម"។
សន្និសីទនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីតួនាទីនៃសេដ្ឋកិច្ចវិលជុំក្នុងគោលដៅអភិវឌ្ឍន៍កសិកម្ម; អនុវត្តគម្រោងអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចវិលជុំក្នុងវិស័យកសិកម្ម រហូតដល់ឆ្នាំ២០៣០ ដែលរដ្ឋាភិបាលទើបបានអនុម័ត; ស្នើដំណោះស្រាយលើយន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំនៅវៀតណាម។
ថ្លែងមតិក្នុងសន្និសីទ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោកPhung Duc Tien បានអះអាងថា ការអភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំក្នុងវិស័យកសិកម្ម គឺជាតម្រូវការនិងនិន្នាការជៀសមិនរួច ក៏ដូចជាដំណោះស្រាយសម្រាប់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព សំដៅអនុវត្តន៍ការសន្យាអន្តរជាតិលើការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព។
“សន្និសិទនេះមានអត្ថន័យជាក់ស្តែង ឧទ្ទេសនាមអំពីគំរូវៀតណាម ជាពិសេសគំរូល្អៗពីពិភពលោក ដើម្បីយើងធ្វើការជ្រើសរើសនិងដាក់ពង្រាយ។ ខ្ញុំជឿជាក់ថា សន្និសីទនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងការសម្របសម្រួលពហុវិស័យ ដើម្បីស្នើ និងអនុវត្តសកម្មភាពជាក់លាក់ក្នុងការតភ្ជាប់ខ្សែសង្វាក់កសិកម្មវិលជុំ ដូចដែលបានប្តេជ្ញាដោយនាយករដ្ឋមន្ត្រី នៅឆ្នាំ២០៥០ វៀតណាមនឹងសម្រេចបាននូវការបំភាយឧស្ម័នសូន្យ”។
នៅក្នុងកិច្ចសន្ទនា តំណាងអង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងក្រសួង ផ្នេកនានាបានចែករំលែកអំពីយន្តការសហប្រតិបត្តិការអន្តរជាតិ និងការសម្របសម្រួលអន្តរវិស័យ ដើម្បីជំរុញការអនុវត្តកសិកម្មវិលជុំ៕