ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា
(VOVWORLD) - នាថ្ងៃទី១៨ ខែកុម្ភៈ នៅទីក្រុងហាណូយ កិច្ចប្រជុំជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា(CPP) បានប្រារព្ធឡើងក្រោម សហអធិបតី របស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានគណៈបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន។
ទិដ្ឋភាពនៃជំនួបជាន់ខ្ពស់រវាងវៀតណាមនិងកម្ពុជា (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់ភាគីនីមួយៗ និងប្រទេសនីមួយៗ រួមទាំងវាយតម្លៃអំពីស្ថានភាពពិភពលោក និងតំបន់; លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងប្រទេសទាំងពីរនាពេលកន្លងមក និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រ និងសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-កម្ពុជា សម្រាប់សន្តិសុខ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ទន្ទឹមនឹងការបង្រួបបង្រួម និងអភិវឌ្ឍន៍ទំនាក់ទំនងនយោបាយ ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីបម្រើដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការពារជាតិ - សន្តិសុខ និងស្នើចេញនូវទិសដៅនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងពេលវេលាខាងមុខ។
ភាគីទាំងពីរបានឯកភាពថា ក្នុងស្ថានភាពបច្ចុប្បន្ន បក្សទាំងពីរ និងប្រទេសទាំងពីរត្រូវពង្រឹងសាមគ្គីភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ហើយបន្តផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងនយោបាយ ដែលមានសារៈ សំខាន់ជាទីបំផុតសម្រាប់ការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋសភា ក្រសួង និងសាខានានារបស់រដ្ឋាភិបាល រណសិរ្ស អង្គការប្រជាជន និងមូលដ្ឋាននៃប្រទេសទាំងពីរ៕