ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-ជប៉ុន វៀតណាម-កូរ៉េខាងត្បូង និង វៀតណាម-កាណាដា
(VOVWORLD) - បន្តសកម្មភាពនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែកញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio, ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio |
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឲ្យ ជប៉ុនបន្តសហការជាមួយវៀតណាមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ច គម្រោងជំនួយអភិវឌ្ឍន៍ (ODA) និងសិក្សាលទ្ធភាពជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង គម្រោងផ្លូវដែកទីក្រុង។ លោកនាយករដ្ឋមន្ត្រីក៏មានគោលបំណងថា រដ្ឋាភិបាលជប៉ុននឹងបន្តបង្កលក្ខណៈងាយស្រួលដល់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនៅជប៉ុន។
ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រីជប៉ុន Kishida បានមានប្រសាសន៍ថា ភាគីជប៉ុនកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយវៀតណាម ដើម្បីរៀបចំដំណើរទស្សនកិច្ចជាន់ខ្ពស់នាពេលខាងមុខរវាងប្រទេសទាំងពីរ ជាពិសេសគឺក្នុងឆ្នាំ ២០២៣ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol |
នាថ្ងៃដដែល ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ។ លោកបានអះអាងថា នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងកូរ៉េខាងត្បូងអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau |
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា វៀតណាមគោរពតួនាទីរបស់កាណាដាក្នុងគោលនយោបាយការបរទេស។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកាណាដាជួយសម្រួលដល់ទំនិញវៀតណាមដែលនាំចេញទៅកាន់កាណាដា; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មី។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកាណាដាបានជួនដំណឹងថាកាណាដានឹងបញ្ជូនគណៈប្រតិភូធុរកិច្ច ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទៅវៀតណាមនាឆ្នាំ ២០២៤ ដើម្បីស្ថែងរកឱកាសធ្វើអាជីវកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះលោកបានអះអាងថាត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តការប្តេជ្ញាចិត្តទាក់ទងនឹងពលករ និងបរិស្ថានក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)៕