ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិក
(VOVWORLD) - នាថ្ងៃទី ២៦ ខែមិថុនា ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម នៅវៀតណាម (MIA) លើកទី ១៦៥ បានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang។
ពិធីធ្វើមាតុភូមិនិវត្តន៍លើកទី ១៦៥ នៃអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម (MIA) បានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang (រូបភាព៖ កាសែតនគរបាលប្រជាជន) |
ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីការបរទេសលោក Ha Kim Ngoc បានទទួលជួបអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ លោកស្រី Susan Burns។ នៅទីនេះ អនុរដ្ឋមន្ត្រី លោក Ha Kim Ngoc បានអះអាងថា វៀតណាមស្វាគមន៍សហរដ្ឋអាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម។ លោកអនុរដ្ឋមន្ត្រី Ha Kim Ngoc បានអះអាងថា ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនេះគឺជាមធ្យោបាយល្អបំផុតដើម្បីផ្សះផ្សារស្នាមរបួសពីសង្គ្រាម រួមចំណែកកសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។
រីឯខ្លួនវិញ អគ្គកុងស៊ុលលោកស្រី Susan Burns បានអះអាងថា រដ្ឋាភិបាលអាមេរិកប្តេជ្ញាបន្តគាំទ្រវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម ជាពិសេសក្នុងការដោះស្រាយទាំងស្រុងនូវការបំពុលដោយសារធាតុ Dioxin នៅអាកាសយានដ្ឋាន Bien Hoa ផ្តល់ព័ត៌មានជួយស្វែងរក និងផ្ទេរបច្ចេកវិទ្យាសម្រាប់វាយតម្លៃ DNA សម្រាប់អដ្ឋិធាតុយុទ្ធជន ពលីវៀតណាម។
សូមគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងការស្វែងរក និងប្រគល់អដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងសកម្មភាព (MIA) ត្រូវបានអនុវត្តភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ១៩៧៣មក។ មកទល់នឹងពេលនេះ វៀតណាមបានប្រគល់អដ្ឋិធាតុជាង ១.០០០ ឈុត ដែលជួយសហរដ្ឋអាមេរិកកំណត់អត្តសញ្ញាណបានជាង ៧៣០ ករណី៕