ពិធី​បើកវេទិកាសន្តិសុខអាស៊ីឦសានលើកទី៧

(VOVWORLD) - នៅថ្ងៃទី ២៣ ខែមិថុនា វេទិកាសន្តិសុខអាស៊ីឦសានប្រចាំឆ្នាំ ឬហៅថា “កិច្ចសន្ទនា Ulan Bator" បានបើកជាផ្លូវការនៅទីក្រុង Ulan Bator (ប្រទេសម៉ុងហ្គោលី)។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងបន្ទាប់ពីការផ្អាកអស់រយៈពេល ២ឆ្នាំ (ឆ្នាំ ២០២០និង ២០២១) ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ-១៩។ ប្រតិភូប្រហែល ១៥០នាក់ មកពីប្រទេសជាង២០ រួមមានបណ្តាប្រទេសអាស៊ីឦសាន ប្រទែសទួរគី អូស្ត្រាលី បារាំង កាណាដា ស្លូវេនី លីទុយអានី រួមជាមួយអង្គការអន្តរជាតិ និងវិទ្យាស្ថានស្រាវជ្រាវចំនួនជិត ៣០អង្គភាពបានចូលរួមក្នុងវេទិការយៈពេល ២ ថ្ងៃនេះ។ វេទិកាឆ្នាំនេះមានសម័យប្រជុំពេញអង្គចំនួន៥ ដោយមានប្រធានបទរៀងៗខ្លួនអំពី "ឱកាស និងបញ្ហាប្រឈមសម្រាប់សន្តិសុខក្នុងតំបន់", "កិច្ចសហប្រតិបត្តិការពហុភាគីនៅអាស៊ីឦសាន", "អនាគតនៃសន្តិភាពនៅអាស៊ីឦសាន" “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ក្រោយជំងឺរាតត្បាត" និង "បណ្តាញផ្លាស់ប្តូរថាមពលដែលតភ្ជាប់អាស៊ីឦសាន"។

គំនិតផ្តួចផ្តើម "កិច្ចសន្ទនា Ulan Bator ស្តីពីសន្តិសុខតំបន់អាស៊ីឦសាន" ត្រូវបានចាប់ផ្តើមជាលើកដំបូងកាលពីឆ្នាំ ២០១៣ ហើយត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៤មក។ គោលដៅដំបូងរបស់វេទិកានេះ គឺសំដៅលុបបំបាត់ស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េ លើកកម្ពស់ការកសាងទំនុកចិត្ត និងបង្កើតសន្តិភាពនៅក្នុងតំបន់។ ទៅតាមពេលវេលា វេទិកានេះត្រូវបានរៀបចំឡើងតាមយន្តការបើកចំហនិងបរិយាប័ន្ន ដោយមានការចូលរួមពីតំណាងនៃប្រទេសអនុតំបន់; ខ្លឹមសារនៃកិច្ចពិភាក្សាត្រូវបានពង្រីកដល់វិស័យជាច្រើនដូចជា សន្តិសុខ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍បៃតង ឱកាសសហប្រតិបត្តិការមនុស្សធម៌ និងបញ្ហាជាច្រើនផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ