ពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩
(VOVWORLD) - ពិធីបិទការប្រកួតកីឡាអាស៊ីលើកទី១៩ (ASIAD ១៩) បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី៨ ខែតុលា នៅកីឡដ្ឋានមជ្ឈមណ្ឌលកីឡាអូឡាំពិក ក្នុងទីក្រុង Hangzhou (ប្រទេសចិន)។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី លោក Raja Randhir Singh រួមជាមួយមេដឹកនាំនៃប្រទេសនិងតំបន់ដែនដីមួយចំនួន; អត្តពលិករាប់ពាន់នាក់ អ្នកទស្សនារាប់ម៉ឺននាក់ និងអ្នកគាំទ្រកីឡាមកពីប្រទេសជាច្រើន បានចូលរួមក្នុងពិធីបិទ។
ពិធីបិទ ASIAD ១៩ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ ជាមួយនឹងការសម្តែងសិល្បៈពិសេសៗជាច្រើន។ រូបថត៖ Reuters |
ថ្លែងក្នុងពិធីបិទនេះ ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីលើកទី១៩ និងជាប្រធានគណៈកម្មាធិការអូឡាំពិកចិន លោក Gao Zhidan បានបញ្ជាក់ថា ប្រទេសចិនបានរៀបចំព្រឹត្តិការណ៍ ASIAD ដ៏ចម្រុះពណ៌ ដោយមានលក្ខណៈវិសេវិសាលរបស់ចិន និងអាស៊ី។ មហាគ្រួសារអូឡាំពិកអាស៊ីបានរួមគ្នាបង្កើតព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យ និងផ្ទាំងរូបភាពដ៏ស្រស់ស្អាតនៃតំបន់អាស៊ីចុះសម្រុងគ្នា។
គណៈប្រតិភូកីឡាវៀតណាមនៅ ASIAD ១៩។ រូបថត៖ VOV ប៉េកាំង |
ASIAD ១៩ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ៨ ខែតុលាដោយមានការចូលរួមពីអត្តពលិកជាង ១២.៤០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៤៥។ ព្រឹត្តិការណ៍នេះ មានប្រភេទកីឡាចំនួន ៤០ ដោយមានការប្រកួតប្រជែងក្នុងវិញ្ញាសារចំនួន៤៨១។ គណៈប្រតិភូកីឡាវៀតណាមបានបញ្ចប់ការប្រកួតប្រជែងនៅ ASIAD ១៩ ដោយជាប់ចំណត់ថ្នាក់លេខ ២១ លើតារាងមេដាយ ជាមួយនឹងមេដាយមាស៣គ្រឿង មេដាយប្រាក់ ៥គ្រឿង និងមេដាយសំរឹទ្ធ ១៩គ្រឿង។
ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ (ASIAD ២០) នឹងប្រព្រឹត្តទៅនៅទីក្រុង Nagoya ប្រទេសជប៉ុនក្នុងឆ្នាំ ២០២៦៕