ពិធីរំលឹកខួបលើកទី៦០ឆ្នាំទិវាបង្កើតគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស
(VOVWORLD) - នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានរៀបចំពិធីរំលឹកខួបលើកទី៦០ឆ្នាំទិវាបង្កើតហើយទទួលមេដាយឯករាជ្យថ្នាក់ទី១លើកទី២ សំដៅបូកសរុបនិងកត់សម្គាល់រាល់ស្នាដៃលេចធ្លោក្នុងការងារចំពោះជនវៀតណាមនៅឯបរទេស ក៏ដូចជាអះ អាងនូវគោលនយោបាយនិងការយកចិត្តទុកដាក់ដ៏ធំធេងរបស់បក្សនិងរដ្ឋវៀតណាមចំពោះជនវៀតណាមនៅឯបរទេសផងដែរ។
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានប្រគល់មេដាយឯករាជ្យថ្នាក់ទី១លើកទី២ជូនគណៈ កម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស |
អញ្ជើញថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានលើកច្បាស់ថា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលឈានមុខគេក្នុងការងារចលនាអោយអាណិកជនឆ្ពោះទៅស្រុកកំណើត រួមវិភាគទានទៅក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិកាលពីមុននេះក៏ដូចជាបុព្វហេតុកសាងនិងការពារមាតុប្រទេសនាសព្វថ្ងៃផងដែរ។ មានសកម្មភាពរក្សាអត្តសញ្ញាណនិងប្រពៃណីជាតិជាច្រើនដែលត្រូវបានរៀបចំឡើងហើយស្គាល់ដល់ដោយអាណិកជនវៀតណាមនៅឯបរទេសយ៉ាងច្រើនកុះករ ដូចជាកម្មវិធីបង្រៀនភាសាវៀតណាម កម្មវិធីនិទាឃរដូវនៅស្រុកកំណើត ដំណើរទស្សនកិច្ចនៅកោះ Truong Sa និងជំរុំវិស្សមកាលសម្រាប់យុវជនវៀតណាមនៅឯបរទេស ជាដើម។
លោកឧបនាយករដ្ឋមន្រ្តីបានលើកសំណើរថា៖“កៀរគរយ៉ាងខ្លាំងក្លាថែមទៀតប្រភពធនធានដ៏ធំធេងរបស់អាណិកជនដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺក្នុងសកម្មភាពផ្ទេរប្រគល់បច្ចេកវិទ្យា វិនិយោគ ពាណិជ្ជកម្ម។ ទន្ទឹមជាមួយគ្នានោះពង្រឹងសកម្មភាពរបស់បណ្ដាសមាគមន៍ សមូហភាព ជូនដំណឹងនិងឃោសនាអោយបានទាន់ពេលវេលាអំពីស្ថានភាពក្នុងប្រទេស គោលមាគ៌ារបស់បក្សនិងរដ្ឋ សំដៅតស៊ូប្រឆាំងនឹងល្បិចកលមួលបង្កាច់របស់អានុភាពអមិត្តនានា។ ក្រៅពីនោះ ផ្លាស់ប្ដូរថ្មីការងារបង្រៀននិងរៀនសូត្រភាសាវៀតណាមសម្រាប់អាណិកជនទៀតផង”។
ក្នុងឱកាសនេះដែរ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានប្រគល់មេដាយឯករាជ្យថ្នាក់ទី១លើកទី២ជូនគណៈ កម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស៕