ពន្លឿនពាណិជ្ជកម្មនិងវិនិយោគរវាងសហគ្រាសវៀតណាមនិងកម្ពុជា

(VOVWORLD) - កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ នៅរាជធានីភ្នំពេញ (កម្ពុជា) ប្រតិភូប្រមាណ ៨០នាក់ ដែលជាមន្ត្រីគ្រប់គ្រង និងតំណាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា បានចូលរួមសិក្ខាសាលាពន្លឿនពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
ពន្លឿនពាណិជ្ជកម្មនិងវិនិយោគរវាងសហគ្រាសវៀតណាមនិងកម្ពុជា - ảnh 1សិក្ខាសាលាតុមូលស្តីពីការពន្លឿនពាណិជ្ជកម្មនិងវិនិយោគរវាងសហគ្រាសចវៀតណាមនិងកម្ពុជា។ (រូបថត៖ VOV)

នៅសិក្ខាសាលានេះ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា ក្រោយរយៈពេលដ៏វែងមួយដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសវៀតណាមនិងកម្ពុជាបានបើកដំណើរការឡើងវិញ ជាពិសេសសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរសម្រេចបានចំនួន ៩,៧៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ជាមួយនឹងសន្ទុះកំណើននេះ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២២ ប្រាកដជានឹងសម្រេចបានជាង ១០ ពាន់លានដុល្លារ។

ក្នុងសិក្ខាសាលានេះ តំណាងនៃភាគីទាំងពីរបានបញ្ជាក់ថា ការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម និងកម្ពុជាមានសក្ដានុពលដ៏ធំធេងណាស់។ ការងារពន្លឿនពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរ គួរតែត្រូវបានជំរុញយ៉ាងខ្លាំងនាពេលខាងមុខ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីការសន្យា កិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ រួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសនីមួយៗ ក៏ដូចជាការពង្រឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ ចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ