ពិភពលោករំលឹកខួបលើកទី ១៣៧ ទិវាពលកម្មអន្តរជាតិ
(VOVWORLD) -លក្ខខណ្ឌការងារល្អនិងប្រាក់ចំណូលខ្ពស់តែងតែជាបំណងប្រាថ្នារបស់ពលករនៅជុំវិញពិភពលោក។ ឆ្នាំនេះ ពិភពលោករំលឹកខួបលើកទី ១៣៧ ទិវាពលកម្មអន្តរជាតិ ដោយមានសកម្មភាពនិងកម្មវិធីដ៏មានអត្ថន័យជាច្រើន សំដៅលើកតម្កើងទិវាអន្តរជាតិពិសេសនេះ។
ឆ្នាំ២០២៣ជាខួបលើកទី ១៣៧ ទិវាពលកម្មអន្តរជាតិ (១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៣)។ រូបថត៖ Commlab India |
ក្នុងឱកាសទិវាពលកម្មអន្តរជាតិ (១ ឧសភា) នៅក្នុងប្រទេសកូរ៉េខាងត្បូង កម្មករ កម្មការិនីរាប់ពាន់នាក់បានដើរដង្ហែតាមដងវិថីជាច្រើននៅរដ្ឋធានីសេអ៊ូល ដោយអំពាវនាវឲ្យមានការកែលម្អសិទ្ធិពលករនិងលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរឡើង។
ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក៏ជាទិវាពលកម្មជាតិរបស់ប្រេស៊ីលផងដែរ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva បានប្តេជ្ញាអនុវត្តន៍គោលនយោបាយថ្មីស្តីពីការបង្កើនកម្រិតប្រាក់ឈ្នួលអប្បបរមា ហើយបានជូនដំណឹងអំពីផែនការតម្លើងកម្រិតនៃការលើកលែងពន្ធសម្រាប់ជនមានប្រាក់ចំណូលទាប។ នៅអ៊ីតាលី នាថ្ងៃទី ១ ឧសភា រដ្ឋាភិបាលអ៊ីតាលីបានប្រកាសវិធានការនានា សំដៅជំរុញការកែលម្អលក្ខខណ្ឌការងារ និងបង្កើនប្រាក់ឈ្នួលសម្រាប់ពលករ។ ចំណែកឯប្រទេសកាណាដា រដ្ឋាភិបាលនិងសហជីពសម្ព័ន្ធសេវាកម្មសាធារណៈកាណាដា ដែលតំណាងឲ្យពលករជាង ១៥៥ ពាន់នាក់នៅទូទាំងប្រទេស បានឈានដល់កិច្ចព្រមព្រៀងស្តីពីប្រាក់ឈ្នួលថ្មី ដោយបញ្ចប់កូដកម្មធំបំផុតលើវិស័យសាធារណៈក្នុងប្រទេសនេះ។
ផ្តើមចេញពីបាតុកម្មរបស់ពលកររាប់ម៉ឺននាក់នៅទីក្រុង Chicago សហរដ្ឋអាមេរិក កាលពីឆ្នាំ ១៨៨៦ ដោយពាក្យស្លោកថា “១ថ្ងៃធ្វើការ ៨ម៉ោង” ទិវាពលកម្មអន្តរជាតិរាងរាល់ឆ្នាំបានក្លាយជាទិវាបុណ្យនៅប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីលើកតម្កើងពលកម្មនិងកសាងសាមគ្គីភាពពលកម្មនៅលើពិភពលោក៕