ព្យុះរដូវរងានៅអាមេរិក គ្រួសារជាង ១,៥លានត្រូវដាច់អគ្គិសនី ជើងហោះហើរជាង ៤.០០០ ត្រូវបានលុបចោល
(VOVWORLD) - យោងតាមទីភ្នាក់ងារអាកាសធាតុជាតិសហរដ្ឋអាមេរិក ប្រជាជនជាង ២៤០ លាននាក់នៅអាមេរិកកំពុងប្រឈមមុខនឹងលក្ខខណ្ឌអាកាសធាតុត្រជាក់ ជាមួយនឹងសីតុណ្ហភាពទាបបំផុត ដែលនៅកន្លែងមួយចំនួនបានធ្លាក់ចុះមកត្រឹម -៣៨ អង្សាសេ ដូចជារដ្ឋម៉ុនតាណា។
អាកាសធាតុត្រជាក់ខ្លាំង បានធ្វើអាក់ខានដល់សកម្មភាព និងផែនការថ្ងៃបុណ្យរបស់ក្រុមគ្រួសារជាច្រើននៅអាមេរិក។ ក្រុមគ្រួសារនិងអង្គភាពអាជីវកម្មជាង ១,៥ លាននៅអាមេរិកបានដាច់ថាមពលអគ្គិសនី កាលពីថ្ងៃទី ២៣ ខែធ្នូ ខណៈដែលខ្យល់បោកបក់ខ្លាំង ព្រិលទឹកកកបានអាក់ខានដល់ការហោះហើរពាណិជ្ជកម្មក្នុងអំឡុងពេលមមាញឹកបំផុតក្នុងឆ្នាំនេះ។ ជើងហោះហើរជាង ៤.០០០ ត្រូវបានលុបចោលនៅថ្ងៃទី ២៣ ខែធ្នូ ដែលប៉ះពាល់ដល់ផែនការធ្វើដំណើររបស់ប្រជាជនអាមេរិករាប់លាននាក់។
តាមការព្យាករណ៍ ២/៣ នៃផ្ទៃដីសហរដ្ឋអាមេរិកនឹងបន្តទទួលរងព្យុះព្រិលទឹកកក និងសីតុណ្ហភាពធ្លាក់ត្រជាក់ខ្លាំងក្នុងរយៈពេល ២ ថ្ងៃចុងសប្តាហ៍នេះ៕