ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ សម្រេចបានការលក់សំបុត្រខ្ពស់កំណត់ត្រា
(VOVWORLD) - ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ (ប្រទេសបារាំង) បានក្លាយជាព្រឹត្តិការណ៍ដ៏គួរឲ្យចងចាំនៅក្នុងប្រវត្តិសាស្ត្រកីឡាពិភពលោកជាមួយនឹងការលក់សំបុត្រខ្ពស់កំណត់ត្រា។ យោងតាមសេចក្តីប្រកាសរបស់គណៈកម្មការរៀបចំអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ សំបុត្រសរុបចំនួន ៩,៥៦ លានត្រូវបានលក់សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ខណៈដែលព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ក៏ឈានដល់ការលក់សំបុត្រចំនួន ២,៥៨ លានសំបុត្រ ដែលជាកម្រិតខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការនេះ។
ដូច្នេះ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លក់បានប្រហែល ៩៥% នៃសំបុត្រដែលបានរៀបចំសម្រាប់ទាំងអូឡាំពិក និងប៉ារ៉ាឡាំពិក។ តួរលេខដ៏គួរឱ្យកត់សម្គាល់ទាំងនេះ ឆ្លុះបញ្ចាំងពីភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាដែលប្រទេសបារាំងជាម្ចាស់ផ្ទះ។
ទិដ្ឋភាពនៃពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN |
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅ Saint-Denis ជាយក្រុងប៉ារីសកាលពីថ្ងៃទី១២ ខែកញ្ញា លោក Tony Estanguet ប្រធានគណៈកម្មាធិការរៀបចំអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបញ្ជាក់ថា ព្រឹត្តិការណ៍លើកនេះទទួលបានជោគជ័យលើគ្រប់វិស័យ។ បើតាមលោក ចំណុចដ៏គួរឱ្យកត់សម្គាល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះគឺថា ជាលើកដំបូងដែលពិធីបើកមិនត្រូវបានធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន ជារឿងដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃអូឡាំពិករដូវក្តៅ។ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានបញ្ជាក់ពីឋានៈរបស់ខ្លួនជាព្រឹត្តិការណ៍កីឡាអូឡាំពិកប្រកបដោយជោគជ័យ និងមិនអាចបំភ្លេចបាននៅក្នុងបេះដូងអ្នកគាំទ្រកីឡាជុំវិញពិភពលោក៕