ភ្ញៀវទេសចរណ៍អូស្ត្រាលីកាន់តែច្រើនចាប់អារម្មណ៍វៀតណាម
Viet Nga - អ្នកយកព័ត៌មាន VOV នៅអូស្ត្រាលី -  
(VOVWORLD) - តួលេខពីការិយាល័យស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា វៀតណាមស្ថិតក្នុងលំដាប់កំពូលទាំង ១០ នៃគោលដៅទេសចរណ៍ដែលពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសនេះ បន្ទាប់ពីគោល ដៅប្រចាំមួយចំនួនដូចជា នូវែលហ្សេឡង់ ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស...។
លោកស្រី Yvonne Chapple, តំណាងក្រុមហ៊ុន Flight Center ដែលជាទីភ្នាក់ងារទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសអូស្ត្រាលី បាននិយាយថា សម្រាប់អតិថិជនរបស់ Flight Center បច្ចុប្បន្នវៀតណាមគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតទាំង ៥ នៅអាស៊ី និងជាប់ចំណាត់ថ្នាក់ទី ១២ ទូទាំងពិភពលោក។
“ការចាប់អារម្មណ៍លើប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានខែកន្លងមកនេះចាប់តាំងពីវៀតណាមបើកទ្វារដំណើរការសម្មភាពទេសចរណ៍មក។ ក្រុមហ៊ុន Flight Center បានទទួលសំណើជាច្រើនសម្រាប់ដំណើរទេសចរណ៍ទៅកាន់តំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដែលក្នុងនោះ ឆ្នេរសមុទ្រ Ha Long គឺជាកន្លែងដ៏ពេញនិយមបំផុតមួយ។ អ្នកទេសចរអូស្ត្រាលីជាច្រើនចង់ទៅជិះទូកកម្សាន្តនៅឈូងសមុទ្រ Ha Long”។
ក្រៅពីឈូងសមុទ្រហាឡុង អតិថិជនរបស់ Flight Center ចង់ទៅទស្សនាទីក្រុងហាណូយ ទីក្រុង Sa Pa ទីក្រុងហូជីមិញ តំបន់ដៅសណ្តរទន្លេ Cuu Long, Nha Trang, Da Nang និង Hoi An។
មិនត្រឹមតែ Flight Center ប៉ុណ្ណោះទេ ភ្នាក់ងារទេសចរណ៍ដ៏ធំមួយទៀតរបស់អូស្ត្រាលី ដូចជា Wendy Wu ក៏កំពុងមើលឃើញពីការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការទីផ្សារវៀតណាម។ លោក Franky Vasta នៃក្រុមហ៊ុនទេសចរណ៍ Wendy Wu បាននិយាយថា:
“ទីផ្សារវៀតណាមកំពុងរីកចម្រើន។ ក្រោយជំងឺរាតត្បាតកូវីដ ១៩ ប្រជាជនអូស្ត្រាលីជាច្រើនចង់ទៅលេងប្រទេសវៀតណាម។ បច្ចុប្បន្ន វៀតណាមគឺជាគោលដៅដ៏ពេញនិយមមួយ។ មនុស្សម្នាចង់ទៅឈូងសមុទ្រ Ha Long, ហាណូយ, Hue, Hoi An។ ទាំងនេះគឺជាគោលដៅដ៏អស្ចារ្យជាមួយនឹងអាហារឆ្ងាញ់ៗ វប្បធម៌ប្លែកៗ និងជាគោលដៅគួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី”។
ក្នុងបរិបទនៃការកើនឡើងតម្រូវការភ្ញៀវទេសចរទៅកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines នឹងបើកជើងហោះហើរថ្មីតភ្ជាប់ទីក្រុងហាណូយជាមួយទីក្រុង Melbourne ប្រទេសអូស្ត្រាលី ដោយមានជើងហោះហើរចំនួន ២ ជើងសប្តាហ៍៕
Viet Nga - អ្នកយកព័ត៌មាន VOV នៅអូស្ត្រាលី