ភារកិច្ចសំខាន់ពីររបស់រដ្ឋាភិបាលគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនិងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម
(VOVWORLD) - ពិធីប្រគល់សេចក្តីសម្រេចចិត្តសម្រាប់សមាជិករដ្ឋាភិបាលអាណត្តិរដ្ឋសភានីតិកាលទី ១៥ បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី ២៨ ខែកក្កដា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc, នាយករដ្ឋមន្រ្តីលោក Pham Minh Chinh, ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញចូលរួមក្នុងពិធីនេះ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc, នាយករដ្ឋមន្រ្តីលោក Pham Minh Chinh, ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងសមាជិករដ្ឋាភិបាលបានអញ្ជើញចូលរួមក្នុងពិធីនេះ (រូបថត៖ VGP/Nhật Bắc) |
នៅក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានប្រគល់សេចក្តីសម្រេចតែងតាំងដល់ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh, លោក Le Minh Khai, លោក Le Van Thanh ហើយឧបនាយករដ្ឋមន្រ្តី Vu Duc Dam ដែលអវត្តមានដោយសារកំពុងបំពេញភារកិច្ចបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅតាមខេត្តភាគខាងត្បូង។ លោកប្រធានរដ្ឋក៏បានអញ្ជើញផ្តល់សេចក្តីសម្រេចចិត្តដល់រដ្ឋមន្ត្រីនិងប្រធានផ្នែកចំនួន ២២ រូបផងដែរ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc មានបំណងថា សមាជិករដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ នឹងបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ ក្នុងការដឹកនាំនិងចាត់ចែង; បន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវភារកិច្ចនិងសិទ្ធិអំណាចដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ កសាងរដ្ឋាភិបាលប្រកបដោយសាមគ្គីភាព ថាមវន្តនិងកសាងក្បាលម៉ាស៊ីមរដ្ឋាភិបាលនិងប្រព័ន្ធរដ្ឋបាលរដ្ឋឱ្យមានសាមគ្គីភាព សុចរិតភាព ប្រជាធិបតេយ្យ វិន័យការ ច្នៃប្រឌិត ប្រសិទ្ធភាព និងពិតជារបស់ប្រជាជន ដោយប្រជាជនដើម្បីប្រជាជន យកប្រជាជនជា ឬសគល់។ លោកប្រធានរដ្ឋជឿជាក់ថា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងឧបនាយករដ្ឋមន្ត្រីរួមជាមួយសមាជិករដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១-២០២៦ នឹងបំពេញរាល់ភារកិច្ចដែលបានប្រគល់ប្រកបដោយជោគជ័យ។
នៅក្នុងពិធីនេះ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានបញ្ជាក់ថា រដ្ឋាភិបាលមានឆន្ទៈលះបង់អស់ពីសមត្ថភាពដើម្បីបម្រើមាតុភូមិបម្រើប្រជាជននិងគោរពច្បាប់; បន្តមរតកនិងលើកកម្ពស់សមិទ្ធផលដែលរដ្ឋាភិបាលរាល់អាណត្តិមុនសម្រេចបាន។
“នៅក្នុងបរិបទបច្ចុប្បន្ន ខណៈពេលដែលជំងឺរាត្បាតមានភាពស្មុគស្មាញនៅទូទាំងពិភពលោកនិងជាពិសេសនៅក្នុងតំបន់ដោយសារវីរុសបម្លែងថ្មីនេះ រដ្ឋាភិបាលបានកំណត់នូវភារកិច្ចសំខាន់ពីរគឺប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនិងអនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិដែលត្រូវបានរដ្ឋសភាអនុម័ត ដោយធានាសន្តិសុខសង្គម សុវត្ថិភាពសម្រាប់ប្រជាជន សន្តិសុខជាតិនិងការធ្វើសមាហរណកម្មអន្តរជាតិ។ ការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ត្រូវបានចាត់ទុកថាជាការងារសំខាន់និងបន្ទាន់បំផុតនាពេលបច្ចុប្បន្ននេះ។ ដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាត រដ្ឋាភិបាលនឹង រួមជាមួយប្រព័ន្ធនយោបាយនិងប្រជាជនរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺនេះដោយអនុវត្តយ៉ាងម៉ឺងមាត់នូវបទប្បញ្ញត្តិស្តីពីការបង្ការនិងទប់ស្កាត់ការរាតត្បាតនិងជាពិសេសអនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំង”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប្តេជ្ញាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងដោយផ្តោតលើមុខព្រួញចំនួន៣គឺ ទិញវ៉ាក់សាំងឱ្យបានច្រើន លឿនបំផុតតាមដែលអាចធ្វើទៅបាន; ជំរុញការស្រាវជ្រាវនិងការផ្ទេរបច្ចេកវិទ្យាដើម្បីផលិតវ៉ាក់សាំងក្នុងស្រុកយ៉ាងសកម្មនិងចាក់វ៉ាក់សាំងជូនប្រជាជនទាំងមូលដោយមិនគិតថ្លៃ ទាន់ពេលវេលាប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។ គោលដៅនៅដើមឆ្នាំ ២០២២ គឺវៀតណាមសម្រេចបានអត្រាចាក់វ៉ាក់សាំងដើម្បីបង្កើតភាពស្សាំក្នុងសហគមន៍និងមិនខកខានក្នុងការប្រៀបធៀបជាមួយប្រទេសដទៃទៀតក្នុងដំណើរការស្តារសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាតត្រូវរុញថយក្រោយ៕