មជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី ១៣ បានត្រៀមរួចជាស្រេច
(VOVWORLD) - នាថ្ងៃទី ២២ មករានៅមជ្ឈមណ្ឌលសន្និសីទ្ធជាតិ My Dinh ទីក្រុងហាណូយ នឹងប្រព្រឹត្តទៅពិធីបើកឲ្យដំណើរការមជ្ឈមណ្ឌលសារព័ត៌មានបម្រើឱ្យ មហាសន្និបាតលើកទី ១៣ របស់បក្ស។
មជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី ១៣ បានត្រៀមរួចជាស្រេច (រូបថត៖ Trong Phu) |
នេះគឺជាព្រឹត្តិការណ៍បើកដំបូងមួយក្នុងបណ្តាសកម្មភាពសំខាន់ៗ នៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ លោក Le Manh Hung អនុប្រធាន គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ប្រធានមជ្ឈមណ្ឌលសារព័ត៌មាន នៃមហាសន្និបាតលើកទី ១៣ របស់បក្ស បានឲ្យដឹងថា រាល់ការរៀបចំទាំងអស់ត្រូវបានបញ្ចប់ជាស្ថាពរ។
សូមគូសបញ្ជាក់ថា មជ្ឈមណ្ឌលសារព័ត៌មាន ត្រូវបានបំពាក់ដោយកុំព្យូទ័រលើតុទាំងអស់ ដែលភ្ជាប់ទៅនឹងបណ្តាញដើម្បីបម្រើនិងបំពេញតម្រូវការប្រតិបត្តិការរបស់អ្នកយកព័ត៌មាននិងអ្នកបច្ចេកទេស ក្នុងប្រទេសជិត ៥០០ នាក់; អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសជាង ៦០ នាក់នៃទីភ្នាក់ងារសារព័ត៌មានបរទេស ដែលមានស្ថាប័នតំណាងនៅវៀតណាម បានចុះឈ្មោះផ្សាយព័ត៌មានអំពីមហាសន្និបាតបក្សនៅមជ្ឈមណ្ឌលសារព័ត៌មាននេះ។
ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលសារព័ត៌មានក៏បានសហការជាមួយក្រសួងការបរទេសក្នុងការផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានជាង ៦០ នាក់ ដែលបានចុះឈ្មោះដើម្បីតាមដាននិងរាយការណ៍អំពីមហាសន្និបាតតាម អនឡាញ។ មជ្ឈមណ្ឌលសារព័ត៌មានក៏បានចេញបទបញ្ជាស្តីពីប្រតិបត្តិការ និងចែកចាយប័ណ្ណប្រតិបត្តិការដល់អ្នកសារព័ត៌មាន៕