មេដឹកនាំអាល្លឺម៉ង់ ក្រូអាត និងកាណាដា ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី ៨ ខែឧសភា ប្រធានរដ្ឋសភាអាល្លឺម៉ង់ លោកស្រី Bärbel Bas បានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅទីក្រុងគៀវ ក្នុងឱកាសបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងសង្គ្រាមលោកលើកទី ២។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។ (រូបថត៖ AFP/TTXVN) |
លោកស្រី Bas ក៏បានពិភាក្សាការងារជាមួយមេដឹកនាំអ៊ុយក្រែន ស្តីពីការផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគៀវ ក៏ដូចជាបំណងប្រាថ្នារបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប (EU)។ ថ្លែងទៅកាន់កាសែតអាល្លឺម៉ង់ Rheinische Post ប្រធានរដ្ឋសភាអាល្លឺម៉ង់បានបញ្ជាក់ពីការគាំទ្ររបស់ទីក្រុងប៊ែរឡាំង ចំពោះទីក្រុងគៀវ។ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប លោកស្រី Bas ក៏បានសង្កត់ធ្ងន់ថា ស្ថាប័ននីតិបញ្ញាត្តិអាល្លឺម៉ង់នឹងជំរុញរាល់នីតិវិធីចាំបាច់សម្រាប់រឿងហេតុនេះផងដែរ។
នៅថ្ងៃទី ៨ ឧសភានេះដែរ លោកប្រធានាធិបតី Zelensky បានទទួលជួបនាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenkovic នៅទីក្រុងគៀវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងថាមពល ក៏ដូចជាការស្នើសុំរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រី Plenkovic បានសង្កត់ធ្ងន់ថា ក្រូអាតបានគាំទ្រយ៉ាងខ្ជាប់ខ្ជួន ចំពោះអ៊ុយក្រែនក្នុងផ្នែកនយោបាយ ការទូត ផ្លូវច្បាប់ ហិរញ្ញវត្ថុ មនុស្សធម៌ និងបច្ចេកទេស ហើយនឹងបន្តគាំទ្រអ៊ុយក្រែននាពេលខាងមុខ។
នាថ្ងៃដដែលន៉ ថ្លែងមតិទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបសន្ទនា ជាមួយលោកប្រធានាធិបតី Zelensky នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសថា នឹងបន្តផ្តល់ជំនួយជាអាវុធ និងឧបករណ៍យោធាដល់ប្រទេសអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រី Trudeau ក៏បានឲ្យដឹងថា កាណាដាកំពុងបើកទ្វារស្ថានទូតរបស់ខ្លួននៅទីក្រុងគៀវឡើងវិញ៕