មតិសាធារណៈអន្តរជាតិបានសម្តែងការព្រួយបារម្ភ អំពីការសាកល្បងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង
(VOVWORLD) - ភ្លាមៗបន្ទាប់ពីការសាកល្បងមីស៊ីលបាលីស្ទិកដែលកូរ៉េខាងជើងបានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែមីនា មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ ឈានមុខគេនៅលើពិភពលោក(G7) និងសហភាពអឺរ៉ុប (EU) បានសម្តែងការព្រួយបារម្ភអំពីការបោះជំហាននេះ ហើយបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងវិលត្រលប់ទៅការ ប្តេជ្ញា ផ្អាកសកម្មភាពសាកល្បងមីស៊ីលរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ មេដឹកនាំនៃក្រុម G7 បានហៅសកម្មភាពរបស់កូរ៉េខាងជើងថាជាការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខតំបន់ ក៏ដូចជាអន្តរជាតិ ហើយបានបង្កគ្រោះថ្នាក់និងហានិភ័យដែលមិនអាចទាយទុកជាមុនបាន ចំពោះវិស័យអាកាសចរណ៍ស៊ីវិលអន្តរជាតិ ក៏ដូចជាសកម្មភាពធ្វើនាវាចរណ៍ក្នុងតំបន់។ មេដឹកនាំ G7 និង EU ក៏បានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលទាំងស្រុង នូវកម្មវិធីដែលទាក់ទងនឹងមីស៊ីលបាលីស្ទិក និងអាវុធប្រល័យលោក។
ទាក់ទង់នឹងបញ្ហានេះ នាថ្ងៃទី ២៥ ខែមីនា នៅក្នុងជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Igor Morgulov និងលោក Liu Xiaoming បេសកជនពិសេសចិនប្រចាំឧបទ្វីបកូរ៉េ ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភអំពីការវិវត្តន៍ថ្មីបំផុត ហើយបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយនយោបាយនិងការទូតដោយយុត្តិធម៌ ចំពោះបញ្ហានៅតំបន់អាស៊ីភាគឦសាន និង“ឯកភាពគ្នា រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងររុស្ស៊ី និងចិន"។
កាលពីថ្ងៃទី២៤ ខែមីនា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីមួយ ប្រភេទ Hwasongpho-17។ មីស៊ីលត្រូវបានបង្ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាង បានឈានដល់រយៈកម្ពស់អតិបរមា ៦.២៤៨.៥ គីឡូម៉ែត្រ និងហោះបានចម្ងាយ ១០៩០ គីឡូម៉ែត្រ ក្នុងរយៈពេល ៤.០៥២ វិនាទី មុនពេលបាញ់ដល់គោលដៅនៅលើសមុទ្រ៕