មនុស្សជិត ៥០០ នាក់បានស្លាប់ ក្នុង​ការវាយប្រហារតាម​ផ្លូវ​អាកាសរបស់អ៊ីស្រាអែល​លើប្រទេសលីបង់

(VOVWORLD) - ក្រសួងសុខាភិបាលលីបង់នាថ្ងៃទី ២៣ ខែកញ្ញា បានឲ្យដឹងថាមនុស្សជិត ៥០០ នាក់បានស្លាប់ និងជាង ១.៦០០ នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវមិនធ្លាប់មាន របស់កងទ័ពអ៊ីស្រាអែលលើប្រទេសលីបង់។

ជនរងគ្រោះភាគច្រើនក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល គឺជាជនស៊ីវិល រួមទាំងកុមារ ស្ត្រី និងបុគ្គលិកសង្គ្រោះជាច្រើននាក់ផងដែរ។ រដ្ឋាភិបាលលីបង់បានបិទសាលារៀនទាំងអស់នៅក្នុងតំបន់ភាគខាងត្បូងរបស់ប្រទេសនេះ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៣-២៤ ខែកញ្ញា ដើម្បីធានាសុវត្ថិភាពរបស់សិស្ស និងគ្រូបង្រៀន។

មនុស្សជិត ៥០០ នាក់បានស្លាប់ ក្នុង​ការវាយប្រហារតាម​ផ្លូវ​អាកាសរបស់អ៊ីស្រាអែល​លើប្រទេសលីបង់ - ảnh 1កន្លែងរងការបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើតំបន់ជាយក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃទី ២១ ខែកញ្ញា។ រូបថត៖ រ៉យទ័រ

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា  ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ កម្លាំងទ័ពជើងអាកាសរបស់ប្រទេសនេះ បានធ្វើការវាយប្រហារតាមផ្លូវអាកាសថ្មីមួយ ដោយវាយលុកគោលដៅជាង ៣០០ នៃចលនាហេសបូឡាហ៍ នៅជ្រលង Beqaa ភាគខាងកើតប្រទេសលីបង់។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កម្លាំងទ័ពជើងអាកាសអ៊ីស្រាអែលបានវាយប្រហារទៅលើគោលដៅសរុបជាង ១.៦០០កន្លែងរបស់ក្រុមហេសបូឡា; ហើយបានព្រមានអំពីការត្រៀមខ្លួនដាក់ពង្រាយកងទ័ពជើងគោក ចូលទៅក្នុងប្រទេសលីបង់ ដើម្បីសម្រេចបានគោលដៅនៃការរុញច្រានក្រុមហេសបូឡាឱ្យឆ្ងាយពីតំបន់ព្រំដែន។

ប្រតិកម្មចំពោះចេតនារបស់អ៊ីស្រាអែលក្នុងការវាយប្រហារតាមផ្លូវគោកលើប្រទេសលីបង់ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនប្រឆាំងជំទាស់នឹងផែនការនេះ ដោយចាត់ទុកថា វាមិនអាចជួយកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់នោះទេ។ នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់លីបង់ លោក Najib Mikati បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងប្រទេសដទៃទៀតទប់ស្កាត់អ៊ីស្រាអែលពីការបំផ្លាញភូមិនិងទីប្រជុំជននៅលីបង់។ ក្រសួងការបរទេសទួរគីបានចេញសេចក្តីប្រកាសមួយដោយចោទប្រកាន់ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ជាដំណាក់កាលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរុគច្រានតំបន់ទាំងមូលទៅក្នុងភាពច្របូកច្របល់។ ក្រសួងការបរទេសអេហ្ស៊ីបប្រឆាំងនឹងរាល់ការរំលោភលើអធិបតេយ្យភាពនិងទឹកដីរបស់ប្រទេសលីបង់; អំពាវនាវដល់មហាអំណាចអន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់ស្ថានភាពឡើងជណ្ដើរដ៏គ្រោះថ្នាក់នេះ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ