មនុស្សស្លាប់ជាង ៩០០ នាក់ដោយជំងឺ nCoV នៅចិន
(VOVWORLD) - នាថ្ងៃទី ១០ ខែកុម្ភៈ គណៈកម្មាធិការសុខាភិបាលជាតិចិនបានឲ្យដឹងថា នាថ្ងៃទី ៩ ខែកុម្ភៈ ប្រទេសនេះមានករណីស្លាប់ថ្មីចំនួន ៩៧ នាក់បន្ថែមទៀតដោយជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ជាមួយនឹងអ្នកឆ្លងថ្មីចំនួន ៣.០៦២ នាក់នៅក្នុងខេត្តទីក្រុងចំនួន ៣១ នៅទូទាំងប្រទេស។
ដូច្នេះគិតត្រឹមថ្ងៃទី ៩ ខែកុម្ភះ ករណីស្លាប់ដោយវីរុសកូរ៉ូណាសរុបនៅចិនបានកើនឡើងដល់ ៩០៨ នាក់ ខណៈចំនួនអ្នកឆ្លងកើនឡើងដល់ ៤០.១៧១ នាក់ ក្នុងនោះ មានអ្នកជំងឺចំនួន ៣.២៨១ នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យផងដែរ។ នាបច្ចុប្បន្ននេះ ចំនួនអ្នកស្លាប់ដោយ nCoV លើសពីចំនួនអ្នកស្លាប់ដោយជំងឺរាតត្បាត SARS កាលពីឆ្នាំ ២០០២-២០០៣។អង្គការសុខភាពពិភពលោក (WHO) បានបញ្ជូនក្រុមអ្នកជំនាញអន្តរជាតិទៅកាន់ប្រទេសចិនកាលពីថ្ងៃទី ៩ ខែកុម្ភៈដើម្បីសិក្សាអំពីជំងឺរាតត្បាតនេះ។
រដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ពីករណីឆ្លងទី ៤ នៃជំងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងពេលនេះ អេស្ប៉ាញក៏បានបញ្ជាក់ពីករណីឆ្លងទី ២ នៅប្រទេសនេះដែរ។ ទន្ទឹមនឹងនេះ នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជានាថ្ងៃទី ៩ ខែកុម្ភៈបានជូនដំណឹងថា អ្នកជំងឺដំបូងនិងតែមួយគត់ឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅកម្ពុជាបានមានភាពសុខស្រួលជាធម្មតាវិញ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យនាថ្ងៃទី ១០ ខែកុម្ភៈ។ អ្នកជំងឺអាយុ ៦០ ឆ្នាំមកពីទីក្រុង Wuhan ប្រទេសចិន៕