មហោស្រពតន្ត្រីប៉ូលីសអាស៊ាន+ ២០២២ បានបង្កើតចំណាប់អារម្មណ៍ដល់ទស្សនិកជន
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃមហោស្រពតន្ត្រីប៉ូលីសនៃបណ្តាប្រទេសអាស៊ាន+ នាយប់ថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរៀបចំពិធីប្រគុំតន្ត្រីដោយមានការចូលរួមពីគណៈប្រតិភូនគរបាលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយក្រុមតន្ត្រីប៉ូលីសចិន និងជប៉ុន ។
ក្រុមតន្ត្រីប៉ូលីសប្រជាជនវៀតណាម។ (រូបថត៖ VOV) |
អញ្ជើញចូលរួមមហោស្រពតន្ត្រីលើកនេះ មានវត្តមានអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam រួមជាមួយតំណាងថ្នាក់ដឹកនាំនៃបណ្តាមន្ទីរ ក្រសួង សាខា និងតំណាងស្ថានទូតនៃបណ្តាប្រទេសប្រចាំនៅវៀតណាមផងដែរ។
ក្រុមតន្ត្រីប៉ូលីសនៃប្រទេសប្រ៊ុយណេ។ (រូបថត៖ VOV) |
កម្មវិធីនេះមានការចូលរួមពីសិល្បៈករ និងយុទ្ធជនចំនួនជាង ២០០ នាក់នៃក្រុមតន្ត្រីចំនួន ៨ មកចូលរួមមហោស្រព ក្នុងនោះមានក្រុមតន្ត្រីចំនួន ៦ ក្រុម មកពីបណ្តាប្រទេសដូចជា៖ ជប៉ុន ចិន ឡាវ ប្រ៊ុយណេ មីយ៉ាន់ម៉ា ហ្វីលីពីន និងក្រុមតន្ត្រីចំនួនពីររបស់ប្រទេសម្ចាស់ផ្ទះ គឺក្រុមតន្ត្រីនគរបាលវៀតណាម និងក្រុមសិល្បៈនៃកងទ័ពប្រជាជនវៀតណាម។ មហោស្រពតន្ត្រីប៉ូលីសនៃបណ្តាប្រទេសអាស៊ាន+ ២០២២ គឺជាព្រឹត្តិការណ៍តន្ត្រីដែលក្រសួងនគរបាលរៀបចំឡើងក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន សំដៅកោតសរសើរក្តីស្រឡាញ់មាតុភូមិ ប្រទេសជាតិ និងប្រពៃណីរបស់កងកម្លាំងនគរបាលប្រជាជន ទាំងកម្លាំងនគរបាលប្រជាជនវៀតណាម និងបណ្តាប្រទេសអាស៊ាន+ ផងដែរ។
ក្រុមតន្ត្រីប៉ូលីសនៃសាធារណរដ្ឋប្រជាមានិតចិន។ (រូបថត៖ VOV) |
លោកស្រី Tran Thi Thu និងលោក Nguyen Van Sy ទស្សនិកជនពីររូបនៅទីក្រុងហាណូយដែលមកទស្សនារាត្រីប្រគុំតន្ត្រីបានសម្តែងថា៖ “កម្មវិធីមហោស្រពតន្ត្រីនេះពិតជាអស្ចារ្យណាស់។ រាល់ស្នាដៃដែលបានសម្តែងនៅទីនេះ ជាពិសេសរបស់ក្រុមតន្ត្រីវៀតណាមនិងប្រទេសនានា បានបង្ហាញពីលក្ខណៈវប្បធម៌របស់ប្រជាជាតិនីមួយៗ” ។“ព្រឹត្តិការណ៍នេះ បាននាំយកវប្បធម៌របស់បណ្តាប្រទេសមកកាន់វៀតណាម ហើយយើងក៏បានឧទ្ទេសនាមវប្បធម៌របស់វៀតណាមទៅកាន់ប្រទេសមិត្តផងដែរ។ ហើយទន្ទឹមនឹងនោះ ជួយប្រជាជនវៀតណាមឲ្យយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌នៃបណ្តាប្រទេសទៀតផង។”
មហោស្រពតន្ត្រីប៉ូលីសនៃបណ្តាប្រទេសអាស៊ាន+ ឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍វប្បធម៌លេចធ្លោរបស់ក្រសួងនគរបាល ក្នុងឱកាសរំលឹកខួបលើកទី៦០ នៃទិវាប្រពៃណីនៃកងកម្លាំងនគរបាលប្រជាជន៕