រដ្ឋាភិបាលត្រៀមខ្លួនជាស្រេច បង្កលក្ខណៈអំណោយផលសម្រាប់ក្រុមហ៊ុន Adani Group (ឥណ្ឌា) ប្រតិបត្តិគម្រោងវិនិយោគនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Karan Adani អគ្គនាយកក្រុមហ៊ុនកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស ដែលជាផ្នែកមួយនៃក្រុមហ៊ុន Adani Group - សម្ព័ន្ធក្រុមសេដ្ឋកិច្ចធំជាងគេរបស់ឥណ្ឌា ដែលកំពុងធ្វើការសិក្សាស្រាវជ្រាវ ស្វែងរកឱកាសវិនិយោគនៅវៀតណាម។

រដ្ឋាភិបាលត្រៀមខ្លួនជាស្រេច បង្កលក្ខណៈអំណោយផលសម្រាប់ក្រុមហ៊ុន Adani Group (ឥណ្ឌា) ប្រតិបត្តិគម្រោងវិនិយោគនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Karan Adani អគ្គនាយកក្រុមហ៊ុនកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស Adani Group (ឥណ្ឌា) (រូបថត៖ Duong Giang)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា វៀតណាមមានសក្ដានុពលដ៏ធំធេងលើវិស័យដឹកជញ្ជូន អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីកំពង់ផែសមុទ្រ ថាមពលកកើតឡើងវិញ រួមទាំងថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ; ស្វាគមន៍ចំពោះគោលនយោបាយវិនិយោគរបស់ Adani Group នៅ វៀតណាមលើវិស័យទាំងនេះ ហើយនៅចំពោះមុខគឺវិនិយោគនៅតំបន់កំពង់ផែ Lien Chieu ទីក្រុង Da Nang ក៏ដូចជាគម្រោងថាមពលកកើតឡើងវិញនៅវៀតណាម; ទន្ទឹមនឹងនោះ លោកមានបំណងចង់ឱ្យ Adani ពង្រីកការវិនិយោគលើវិស័យផ្លាស់ប្តូរឌីជីថល កសាងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខណៈអំណោយផលសម្រាប់ក្រុមហ៊ុន Adani Group បន្តស្រាវជ្រាវគម្រោងវិនិយោគផ្សេងទៀតនៅវៀតណាម ព្រមទាំងសង្ឃឹមថា Adani Group នឹងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយដៃគូវៀតណាម ដើម្បីទទួលបានលទ្ធផលជាក់ស្តែងក្នុងសកម្មភាពវិនិយោគនៅវៀតណាម។

ចំណែកខ្លួនវិញ លោក Karan Adani បានឲ្យដឹងថា Adani នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងដៃគូនានារបស់វៀតណាម ដើម្បីអនុវត្តគម្រោងជាក់ស្តែង។ លោក Karan Adani ក៏បានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការវិនិយោគរយៈពេលវែងនៅវៀតណាម ក្នុងនោះលោកមានបំណងចង់កសាងប្រព័ន្ធអេកូឡូស៊ីកំពង់ផែសមុទ្រក្នុងទិសដៅបៃតង និងបណ្តាក់ទុនលើរោងចក្រថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យនៅវៀតណាម ដែលមានទុនសរុបប្រមាណ ៣ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ