រដ្ឋាភិបាលហុងគ្រីអះអាងជាថ្មីនូវការគាំទ្រចំពោះស៊ុយអ៊ែតចូល ជាសមាជិកអង្គការណាតូ
(VOVWORLD) - អគ្គលេខាធិការអង្គការណាតូរំពឹងថាសភាហុងគ្រីនឹងអនុម័តលើច្បាប់គាំទ្រការសម្រេចចិត្តនេះក្នុងពេលឆាប់ៗ។
នាថ្ងៃទី ២៤ ខែមករា នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានអះអាងឡើងវិញនូវការគាំទ្រស៊ុយអ៊ែតចូលរួមជាសមាជិក អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ចែករំលែកនៅលើបណ្តាញសង្គម X លោក Orban បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នាយករដ្ឋមន្ត្រីហុងគ្រីបានអះអាងយ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់ប្រទេសនេះគាំទ្រស៊ុយអែតឱ្យក្លាយជាផ្នែកមួយនៃអង្គការណាតូ។ លោក Orban បានសង្កត់ធ្ងន់ថា លោកនឹងបន្តអំពាវនាវឱ្យរដ្ឋសភាហុងគ្រីបោះឆ្នោតអនុម័តចំពោះការដែលណាតូដាក់បញ្ចូលស៊ុយអែតជាសមាជិក និងផ្តល់សច្ចាប័នឲ្យបានឆាប់ៗ។ ទន្ទឹមនឹងនោះអគ្គលេខាធិការអង្គការណាតូរំពឹងថាសភាហុងគ្រីនឹងអនុម័តលើច្បាប់គាំទ្រការសម្រេចចិត្តនេះក្នុងពេលឆាប់ៗ។
មុននេះ នាថ្ងៃទី២៣ មករា រដ្ឋសភាទួរគីបានអនុម័តលើការដាក់បញ្ជូលស៊ុយអែតជាសមាជិកណាតូ។ ប្រការនេះមានន័យថា ហុងគ្រី ជាសមាជិកចុងក្រោយរបស់ណាតូ ដែលមិនទាន់បានអនុម័តលើសេចក្តីសម្រេចខាងលើ។ យោងតាមបទប្បញ្ញត្តិ ដើម្បីក្លាយជាសមាជិកណាតូជាផ្លូវការ ប្រទេសបេក្ខភាពចាំបាច់ត្រូវទទួលបានការផ្តល់សច្ចាប័នពីប្រទេសសមាជិកសម្ព័ន្ធមិត្តទាំងអស់ផងដែរ៕