រដ្ឋមន្ត្រីការបរទេសប៉ូឡូញបានឲ្យ​ដឹងថា ទាហានណាតូមានវត្តមាន​នៅអ៊ុយក្រែន​ហើយ​

(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា ថ្លែងនៅក្នុងសន្និសីទរំលឹកខួបលើកទី ២៥ ទិវាប៉ូឡូញក្លាយជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានឲ្យដឹងថា  ទាហាននៃបណ្តាប្រទេសសមាជិកអង្គការណាតូ បានមានវត្តមាននៅប្រទេសអ៊ុយក្រែនហើយ។ ទោះជាយ៉ាងណាក៏ដោយ លោក Radoslaw Sikorsky មិនបានបញ្ជាក់ ថាទាហានពីប្រទេសណានោះទេ។

មុននេះ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ថ្លែងនៅក្នុងសន្និសីទនៃបណ្តាប្រទេសលោកខាងលិចចំនួន ២០ដែលពិភាក្សាអំពីការជួយឧបត្ថម្ភបន្ថែមសម្រាប់អ៊ុយក្រែន ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា មានលទ្ធភាពដែលលោកខាងលិចដាក់ពង្រាយកងកម្លាំងជើងគោកទៅកាន់អ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញបានឲ្យ​ដឹងថា ទាហានណាតូមានវត្តមាន​នៅអ៊ុយក្រែន​ហើយ​ - ảnh 1ទាហានចូលរួមក្នុងសមយុទ្ធរបស់អង្គការណាតូនៅទីក្រុង Korzeniewo ភាគខាងជើងប្រទេសប៉ូឡូញ ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ PAP/TTXVN

បន្ទាប់ពីសន្និសីទនេះ តំណាងប្រទេសភាគច្រើនដែលចូលរួមក្នុងសន្និសីទបានប្រកាសថា ពួកគេមិនមានគម្រោងបញ្ជូនទាហានទៅអ៊ុយក្រែននោះទេ ហើយសម្បីតែបានប្រឆាំងនឹងការចូលរួមក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងរុស្ស៊ីទៀតផង។

ធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសរបស់មេដឹកនាំបារាំង លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានសង្កត់ធ្ងន់ថា ប្រសិនបើលោកខាងលិចបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ជម្លោះយោធាដោយផ្ទាល់រវាងអង្គការណាតូ និងសហព័ន្ធរុស្ស៊ីនឹងពិបាកជៀសឲ្យរួចណាស់។ លោក Peskov បានបន្ថែមថា បណ្តាប្រទេសណាតូត្រូវតែយល់ដឹងអំពីរឿងនេះ ហើយ "សួរខ្លួនឯងថា តើនេះជាផលប្រយោជន៍របស់ប្រទេសខ្លួនដែរឬទេ"៕


ប្រតិកម្មទៅវិញ

ផ្សេងៗ