រដ្ឋមន្ត្រីការបរទេសអង់គ្លេសធ្វើទស្សនកិច្ចនៅអាមេរិកពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា និងអ៊ុយក្រែន
(VOVWORLD) - សេចក្តីប្រកាសរបស់ក្រសួងការបរទេសអង់គ្លេសបាននិយាយថា លោក Cameron បានអំពាវនាវឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន ដែលបានសម្លាប់បុគ្គលិកជំនួយមនុស្សធម៌ចំនួន ៧ នាក់ រួមទាំងពលរដ្ឋអង់គ្លេសចំនួន ៣ នាក់ផងដែរ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron នាថ្ងៃទី ៩ មេសា បានមកដល់សហរដ្ឋអាមេរិក ហើយបានជួបពិភាក្សាជាមួយសមភាគីអាមេរិកលោក Antony Blinken អំពីស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអង់គ្លេសបាននិយាយថា លោក Cameron បានអំពាវនាវឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន ដែលបានសម្លាប់បុគ្គលិកជំនួយមនុស្សធម៌ចំនួន ៧ នាក់ រួមទាំងពលរដ្ឋអង់គ្លេសចំនួន ៣ នាក់ផងដែរ។ សេចក្តីប្រកាសបានបន្ថែមថា ការចរចារវាងរដ្ឋមន្ត្រីការបរទេសលោក Cameron និងរដ្ឋមន្ត្រីការបរទេសលោក Blinken ក៏នឹងផ្តោតសំខាន់លើ"ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកបទឈប់បាញ់ប្រកបដោយនិរន្តរភាព និង ផ្តល់ជំនួយមនុស្សធម៌កាន់តែច្រើននៅក្នុងតំបន់ហ្គាហ្សា" ។ លោក Cameron ក៏គ្រោងនឹងអំពាវនាវឱ្យសភាជាន់ទាបអាមេរិកអនុម័តលើកញ្ចប់ជំនួយយោធាចំនួន ៦០ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ដែលត្រូវបានពន្យារពេលជាច្រើនខែផងដែរ៕