រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស និងឯកអគ្គរដ្ឋទូតវៀតណាម បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម
(VOVWORLD) - នាថ្ងៃទី ២៦ ខែមករា នៅទីស្នាក់ការក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេស លោក Nguyen Hoang Long បានជួបពិភាក្សាការងារជាមួយលោក Lord Gerry Grimstone រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស (DIT) ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគី។
ឯកអគ្គរដ្ឋទូត Nguyen Hoang Long ជូនអំណោយដល់លោក Gerry Grimestone រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស។ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស) |
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សា និងឯកភាពគ្នាលើអាទិភាពដែលត្រូវលើកកំពស់ក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយផ្តោតសំខាន់លើវិស័យដែលភាគីទាំងពីរមានសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍ ដូចជាពាណិជ្ជកម្មទំនិញ ហិរញ្ញវត្ថុបៃតង ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ ការអប់រំ និងទេសចរណ៍។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឲ្យរដ្ឋលេខាធិការ លោក Grimstone ជួយតភ្ជាប់វៀតណាមជាមួយទីភ្នាក់ងារ អង្គការ និងអង្គភាពអាជីវកម្មរបស់អង់គ្លេស ពីថ្នាក់មជ្ឈិមដល់មូលដ្ឋាន ដើម្បីជំរុញកាលានុវត្តភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ ពង្រីកប្រៀបខ្លាំងរបស់ភាគីនិមួយៗ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ដោយមានបទពិសោធន៍និងចំណេះដឹងយ៉ាងជ្រាលជ្រៅរបស់រដ្ឋលេខាធិការ Grimstone ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ លោក នឹងមានការរួមចំណែកវិជ្ជមាននិងជាក់ស្តែងជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀង UKVFTA ជួយវៀតណាមអនុវត្តការប្តេជ្ញាចិត្តដែលបានដាក់ចេញក្នុងកិច្ចប្ជុំកំពូល COP26 ដែលបានប្រព្រឹត្តិទៅនៅស្កុតឡែន ចក្រភពអង់គ្លេសនាពេលថ្មីៗនេះ៕