រដ្ឋសភាវៀតណាមផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង
(VOVWORLD) - ដោយមានអត្រាគាំទ្រពីគណៈប្រតិភូរដ្ឋសភាចំនួន ៤៥៩/៤៦០ ដែលមានវត្តមាន (ស្មើនឹង ៩៤,២៥%) នាព្រឹកថ្ងៃទី ២៥ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តលើសេចក្តីសម្រេចចិត្តអនុម័តលើឯកសារចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក លើគ្រប់ជ្រុងជ្រោយ និងជឿនលឿន (CPTPP) របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។
ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Vu Hai Ha (រូបភាព៖ រដ្ឋសភា) |
គណៈប្រតិភូរដ្ឋសភាទាំងអស់បានឯកភាពថា ឯកសារចូលជាសមាជិករបស់ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងក្នុងកិច្ចព្រមព្រៀង CPTPP គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចព្រមព្រៀង CPTPP ដោយមានខ្លឹមសារនៃការធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើកិច្ចព្រមព្រៀង CPTPP ក្រោមសមត្ថកិច្ចផ្តល់សច្ចាប័នរបស់រដ្ឋសភា។ នីតិវិធី និងសំណុំឯកសារដែលបានដាក់ជូនសូមសច្ចាប័ន ត្រូវបានអនុលោមតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ច្បាប់ស្តីពីការរៀបចំរដ្ឋសភា និងច្បាប់ស្តីពីសន្ធិសញ្ញាអន្តរជាតិ។
អញ្ជើញចូលរួមកិច្ចប្រជុំនេះ លោក Vu Hai Ha ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានឲ្យដឹងថា៖ “ក្នុងក្របខ័ណ្ឌនៃការចូលរួមកិច្ចព្រមព្រៀង CPTPP ចក្រភពអង់គ្លេសនឹងទទួលស្គាល់រាល់ផ្នែកផលិតកម្មរបស់វៀតណាម ដែលកំពុងដំណើរការក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារ។ ការដែលរដ្ឋសភានីតិកាលទី ១៥ នៅសម័យប្រជុំលើកទី ៧ របស់ខ្លួននឹងដាក់វៀតណាមក្នុងក្រុមប្រទេស CPTPP ចំនួន ៦ ដើម្បីធ្វើសច្ចាប័នលើឯកសារនេះ បង្ហាញពីភាពវិជ្ជមាន និងការទទួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគទ្វេភាគីរវាងវៀតណាមនិងចក្រភពអង់គ្លេស។ ទន្ទឹមនឹងនោះ អះអាងនូវតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងពិភពលោក; បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ រួមចំណែកសុក្រិតប្រព័ន្ធច្បាប់ និងលើកកម្ពស់ការប្រកួតប្រជែងនៃអាជីវកម្ម”។
សូមគូសបញ្ជាក់ថា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៨ ចូលជាធរមានជាមួយវៀតណាមចាប់ពីដើមឆ្នាំ ២០១៩។ កិច្ចព្រមព្រៀងនេះរួមមានប្រទេសសមាជិកចំនួន ១១ គឺ៖ អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក សិង្ហបុរី នូវែលសេឡង់ ប៉េរូ និងវៀតណាម។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ប្រមាណថា ប្រសិនបើចក្រភពអង់គ្លេសចូលរួម ក្រុមនេះនឹងរួមចំណែក ១៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
ចក្រភពអង់គ្លេសបានដាក់ពាក្យចូលរួម CPTPP ចាប់ពីឆ្នាំ ២០២១។ ចក្រភពអង់គ្លេសគឺជាប្រទេសអឺរ៉ុបដំបូងគេដែលបានចូលរួមក្នុងប្លុកពាណិជ្ជកម្មដ៏សកម្មនេះ ហើយក៏ជាសមាជិកថ្មីដំបូងគេចាប់តាំងពី CPTPP ត្រូវបានបង្កើតឡើង។ ជាមួយនឹងចក្រភពអង់គ្លេសក្លាយជាសមាជិក តាមការផ្ដល់សច្ចាប័នពីប្រទេសផ្សេងៗ CPTPP នឹងប្រែក្លាយពីកិច្ចព្រមព្រៀងប៉ាស៊ីហ្វិកទៅជាកិច្ចព្រមព្រៀងសកលពិតប្រាកដ៕