រថក្រោះអ៊ីស្រាអែលកាត់តំបន់ហ្គាហ្សាជាពីរ ហើយគោលដៅរបស់ក្រុមហាម៉ាស់ជាង ៦០០ ត្រូវបានបំផ្លិចបំផ្លាញ
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន និងតំបន់កាលពីម្សិលមិញ (ថ្ងៃទី ៣០ ខែតុលា) បានឲ្យដឹងថារថក្រោះរបស់កងទ័ពអ៊ីស្រាអែលបានឈានចូលចំណុចមជ្ឈមណ្ឌលនៃតំបន់ ហ្គាហ្សាដោយបែងចែកទឹកដីជាមួយនឹងប្រជាជនប៉ាឡេស្ទីនជិត ២,៥ លាននាក់ជាពីរ។
រថក្រោះនិងរថយន្តយោធារបស់អ៊ីស្រាអែល។ រូបថត៖ រ៉យទ័រ |
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីការទម្លាក់គ្រាប់បែក ដ៏ខ្លាំងក្លាជាច្រើន ដោយកងទ័ពអាកាស និងកាំភ្លើងធំ កាលពីយប់មិញ និងព្រឹកព្រលឹមនេះ រថក្រោះ ជាង១០គ្រឿង និងគ្រឿងចក្រឈូសឆាយ របស់កងទ័ពអ៊ីស្រាអែល បានឈានចូលគ្រប់គ្រងចំណុចស្នូលនៃតំបន់ហ្គាហ្សាដោយកាត់ផ្តាច់ចរាចរណ៍ទាំងស្រុង រវាង តំបន់ភាគខាងជើង និងតំបន់ខាងត្បូងនៃទឹកដីនេះ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលក៏បានបញ្ជាក់ថារថក្រោះរបស់កងទ័ពប្រទេសនេះមានវត្តមាននៅខ័ណ្ឌ Zaytun និងនៅតាមផ្លូវ Salahedin កណ្តាលទីក្រុងហ្គាហ្សា។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាននៃចលនាអ៊ីស្លាមហាម៉ាសកាលពី រសៀលម្សិលមិញបានអះអាងថាកងកម្លាំងនេះបានបង្ខំឲ្យរថក្រោះរបស់កងទ័ពដែលទន្ទ្រានកាន់កាប់ត្រូវដកថយ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនម៉ោង។
កាលពីម្សិលមិញផងដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ពួកគេបានបំផ្លិចបំផ្លាញគោលដៅរបស់ក្រុមហាម៉ាសចំនួន ៦០០បន្ទាប់ពីប្រតិបត្តិការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា។ ក្នុងពេលនោះអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានប្រកាសពីការទទួលអ្នកស្លាប់ជាង ៣០០ នាក់ និងអ្នករងរបួសប្រហែល ៧០០ នាក់ទៀតក្នុងការវាយប្រហារនាពេលថ្មីតាមរយៈកងទ័ពអាកាស កងទ័ពជើងទឹក កងកាំភ្លើងធំ និងកងទ័ពជើងគោករបស់កងទ័ពអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ អ្នកស្លាប់ និងអ្នករងរបួសភាគច្រើនជាកុមារ និងស្ត្រី។
កាលពីម្សិលមិញ អាល្លឺម៉ង់បានដាស់តឿនដល់អ៊ីស្រាអែលឲ្យធានាសុវត្ថិភាពរបស់ជនប៉ាឡេស្ទីននៅតំបន់ West Bank ដែលរងការកាន់កាប់។ អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ លោក Sebastian Fischer បានបញ្ជាក់យ៉ាងច្បាស់លាស់ថា អាល្លឺម៉ង់ថ្កោលទោសការវាយប្រហារ និងអំពើហិង្សាពីអ្នកតាំងលំនៅ ដែលផ្តោតលើសហគមន៍ប៉ាឡេស្ទីន នៅក្នុងតំបន់ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើន។ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃដដែលបានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស ដើម្បីធានាសុវត្ថិភាពការដឹកជញ្ជូនស្បៀងអាហារ ការផ្គត់ផ្គង់ថ្នាំសង្កូវ និងសម្ភារៈសង្គ្រោះផ្សេងទៀតចូលទៅក្នុងតំបន់ហ្គាហ្សាផងដែរ៕