របាយការណ៍ MIWE ឆ្នាំ ២០២១៖ សហគ្រិនជាស្ត្រីអាស៊ីអាគ្នេយ៍ប្រកបដោយភាពរឹងមាំ និងភាពធន់
(VOVWORLD) - របាយការណ៍សន្ទស្សន៍សហគ្រិនជាស្ត្រីរបស់ Mastercard (MIWE) លើកទី ៥ ដែលចេញផ្សាយនាពេលថ្មីៗនេះ វាយតម្លៃពីកំណើនក្នុងវិស័យសហគ្រិនភាពពិភពលោកក្នុងចំណោមស្ត្រីមកពីប្រទេស ៦៥ និងចំនួន ៨២,៤% នៃកម្លាំងពលកម្មស្ត្រីទូទាំងពិភពលោកក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ។
របាយការណ៍បង្ហាញថា ខណៈពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលផ្សេងៗគ្នាលើសហគ្រិនជាស្ត្រីនៅទូទាំងពិភពលោក ស្ត្រីនៅតែបង្ហាញពីភាពធន់ដើម្បីសម្រេចបានជោគជ័យក្នុងអាជីវកម្ម។
របាយការណ៍ MIWE ២០២១ ក៏បង្ហាញពីនិន្នាការនៃការលើកទឹកចិត្តដល់ភាពជាសហគ្រិនសម្រាប់ស្ត្រីមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ ស្ត្រីនៅក្នុងប្រទេសទាំងនេះ ត្រូវបានរាយការណ៍ថាមានការចូលរួមក្នុងភាពជាសហគ្រិនយ៉ាងខ្លាំង អាចប្រៀបស្មើរនឹងបុរស ទោះបីជាពួកគេនៅតែប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ។ ក្នុងការវាយតម្លៃអំពីវៀតណាម លោកស្រី Winnie Wong នាយិការក្រុមហ៊ុន Mastercard ប្រចាំប្រទេសវៀតណាម កម្ពុជា និងឡាវ បានលើកឡើងថា ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ស្ត្រី។ ប៉ុន្តែស្ត្រីវៀតណាមបានបង្ហាញពីភាពរឹងមាំ ការតស៊ូ ក៏ដូចជាបំណងប្រាថ្នាដ៏មុតមាំក្នុងការចាប់ផ្តើមអាជីវកម្ម។ ហើយទន្ទឹមនឹងនេះ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាគរយស្ត្រីចូលរួមក្នុងកម្លាំងពលកម្មច្រើនជាងគេក្នុងពិភពលោក ពោលគឺក្នុងកម្រិត ៦៩,៣%។ សហគ្រិនជាស្ត្រីបានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការជម្នះឧបសគ្គ និងត្រូវបានលើកទឹកចិត្តដោយឱកាសអាជីវកម្មល្អៗជាច្រើន៕